ក្រុមហ៊ុន Visa និងធនាគារជាតិនៃកម្ពុជាបង្កើតសម្ព័ន្ធភាពដើម្បីលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ

07/27/2017

Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជាដើម្បីគាំទ្រគំនិតផ្តួចផ្តើមអក្ខរភាពផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។

កិច្ចសហការរយៈពេល 3 ឆ្នាំនេះ នឹងចាប់ផ្តើមដោយក្រុមហ៊ុន Visa ដែលនឹងធ្វើការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការផលិតសៀវភៅអក្ខរកម្មហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ចំនួន 30.000 ក្បាល ដែលនឹងត្រូវចែកចាយនៅតាមសាលារៀននានា។ សកម្មភាពជាបន្តបន្ទាប់នឹងបង្ហាញឲ្យឃើញថាក្រុមហ៊ុន Visa នឹងជួយអភិវឌ្ឍផែនការអក្ខរកម្មហិរញ្ញវត្ថុរយៈពេល 5 ឆ្នាំ សម្រាប់ប្រទេសកម្ពុជា កម្មវិធីសិក្សាអំពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារៀន ដើម្បីឱ្យពួកគាត់អាចចែករំលែកជំនាញអក្ខរកម្មហិរញ្ញវត្ថុជាមួយសិស្សរបស់ខ្លួន។

លោក Sean Preston នាយកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវបានមានប្រសាសន៍ថា ៖ «យើងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលស្តីអំពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុជាមួយធនាគារជាតិនៃកម្ពុជា។ យើងខ្ញុំជឿជាក់ថាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់បំផុតសម្រាប់អភិវឌ្ឍបុគ្គល និងសេដ្ឋកិច្ចនោះ គឺចំណេះដឹង។ ដូច្នេះហើយ យើងខ្ញុំរីករាយនឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីអភិវឌ្ឍកម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដែលយើងខ្ញុំជឿជាក់ថាកម្មវិធីនេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។»

លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា «ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដើម្បីកសាងប្រព័ន្ធធនាគារមួយប្រកបដោយចីរភាព។ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ គឺជាប្រព័ន្ធការពារដំបូងសម្រាប់អតិថិជនហិរញ្ញវត្ថុ ពីព្រោះនៅពេលដែលអតិថិជនអាចធ្វើសេចក្តីសម្រេចចិត្តបានល្អិតល្អន់ជាងមុន ពួកគាត់អាចការពារខ្លួនគាត់ឲ្យជៀសផុតពីការកេងបន្លំ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរជាងមុនតាមរយៈការជ្រើសរើស និងប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុត្រឹមត្រូវ។ ការបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុចំពោះកុមារចាប់ពីអាយុតិចទៅ គឺជាវិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យពួកគេមានចំណេះដឹងជាមុន និងត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងពេលអនាគត។ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយស្ថាប័នសាធារណៈ និងឯកជន និងភាគីពាក់ព័ន្ធជាច្រើន ក្នុងការអនុវត្តគម្រោងអប់រំផ្នែកហិរញ្ញវត្ថុ។ ការជួយគាំទ្ររបស់ក្រុមហ៊ុន Visa ចំពោះយុទ្ធនាការ «តោះ! និយាយពីលុយ» និងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុផ្សេងៗទៀត គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅកាន់កំណើនប្រកបដោយបរិយាប័ន្ន។»

អស់រយៈពេលជាង ​20 ឆ្នាំ ក្រុមហ៊ុន Visa បានសហការជាមួយរដ្ឋាភិបាល សាលារៀន ធនាគារ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអភិវឌ្ឍកម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ដែលបង្រៀនបុគ្គលអំពីរបៀបចំណាយ ការសន្សំ និងរៀបចំថវិកាប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa មានលក្ខណៈងាយស្រួល និងទូលំទូលាយទូទាំងពិភពលោក។ បញ្ហាប្រឈមផ្នែកអប់រំផ្នែកហិរញ្ញវត្ថុ គឺមានភាពខុសៗគ្នា ដូច្នេះហើយទើបក្រុមហ៊ុន Visa បានបង្កើតមាតិកាដែលបំពេញតាមតម្រូវការវប្បធម៌ ភាសា និងភាពស្មុគស្មាញខុសៗគ្នា ដោយមិនគិតពីអាយុ ការអប់រំ ឬភូមិសាស្រ្តឡើយ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa សូមចូលទៅកាន់គេហទំព័រ www.practicalmoneyskills.com

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិ ដែលបានតភ្ជាប់អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅក្នុងប្រទេស និងដែនដីជាង ២០០កន្លែង ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដែលមានល្បឿនលឿន សុវត្ថិភាព និងអាចទុកចិត្តបាន។ យើងបានធ្វើប្រតិបត្តិការដំណើរការបណ្តាញទំនើប ឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលមានលទ្ធភាពគ្រប់គ្រងសារប្រតិបត្តិជាង ៥៦,០០០សារ ក្នុងមួយវិនាទី ដោយមានការការពារការក្លែងបន្លំសម្រាប់អ្នកប្រើប្រាស់ និងធានាការទូទាត់ប្រាក់ចំពោះឈ្មួញ។ ក្រុមហ៊ុន Visa មិនមែនជាធនាគារទេ ហើយពុំមានចេញប័ណ្ណ ប័ណ្ណឥណទានពង្រីក ឬកំណត់អត្រា និងថ្លៃឈ្នួលសម្រាប់អតិថិជនឡើយ។ ក៏ប៉ុន្តែការបង្កើតថ្មីរបស់ក្រុមហ៊ុន Visa អាចជួយអតិថិជនរបស់ខ្លួន ដែលជាស្ថាប័នហិរញ្ញវត្ថុ ឱ្យផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួនកាន់តែច្រើនថែមទៀតដូចជា៖ បង់ប្រាក់ឥឡូវនេះដោយប្រើប័ណ្ណឥណពន្ធ ទូទាត់ប្រាក់ជាមុន ឬនៅពេលក្រោយជាមួយប័ណ្ណឥណទាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.visa.com