ប័ណ្ណវីសាអាចប្រើប្រាស់ដើម្បីទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
09/15/2017
Visa ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយគ្រឹះស្ថានអង្គរដើម្បីលើកកម្ពស់វិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរក្នុងប្រទេសកម្ពុជា
Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សកល បានប្រកាសអំពីការទទួលយកការទូទាត់តាមប័ណ្ណវីសា ចំពោះការទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគោលដៅទេសចរពេញនិយមបំផុតរបស់ពិភពលោកដើម្បីរួមចំណែកជម្រុញវិស័យទេសចរណ៍ និងបង្កើនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ទៅជាការទូទាត់តាមបែបអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។
យោងតាមក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា ប្រាសាទអង្គរវត្តជាប្រាសាទមួយក្នុងចំណោមវិមានសាសនាធំៗជាច្រើន ហើយក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចរអន្តរជាតិជាង 2 លាននាក់ ។1
លោក Sean Preston នាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវរបស់ ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ និងធនាគារអេស៊ីលីដា ដែលចេញម៉ាស៊ីនឆូតប័ណ្ណវីសា ដើម្បីចាប់ផ្តើមការទទួលយកការទូទាត់តាមប័ណ្ណវីសានៅតាមស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃការទូទាត់កាន់តែរហ័សជាងមុន។»
«ប្រាសាទអង្គរវត្តពិតជាស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅក្នុងពិភពលោក ហើយក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកកាន់ប្រទេសកម្ពុជា។ យើងខ្ញុំរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង គ្រឹះស្ថានអង្គរ ដើម្បីជម្រុញឲ្យទទួលបានកំណើន ភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជម្រុញកំណើនសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍវិធីទូទាត់ប្រាក់សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរ។» ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរបានមានប្រសាសន៍ថា «ព្រឹតិ្តការណ៍នៅថ្ងៃនេះគឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ទេសរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងទេសចរ ក្នុងការដាក់បញ្ចូលអោយមានទំនើបនីយកម្ម ក៏ដូចជាស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធលក់សំបុត្រសម្រាប់ចូលទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអោយមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរទ្បើងសម្រាប់វិស័យទេសចរណ៍។ ស្របជាមួយនឹងគោលការណ៍នៃទំនើបនីយកម្មមួយនេះ យើងរីករាយក្នុងសហការជាមួយ ដៃគូររបស់យើងទាំងអស់ ជាពិសេស Visa ដើម្បីផ្តល់ជូនភ្ញៀវទេសចរទៅកាន់ប្រាសាទអង្គរវត្ត អោយមានជម្រើសក្នុងការទូទាត់តាមអេឡិចត្រូនិកនៅក្នុងស្តង់លក់សំបុត្រចូល ទស្សនារមណីយដ្ឋានអង្គរ។ យើងសង្ឃឹមថាការសហការមួយនេះនឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍នៃការលក់សំបុត្រដែលថ្មី ដោយបង្កើនភាពងាយស្រួល ព្រមទាំងកាត់បន្ថយពេលវេលារង់ចាំ សម្រាប់ភ្ញៀវទេសចររាប់លានអ្នក ដែលនឹងមកទស្សនានៅក្នុងប្រទេសយើងជារៀងរាល់ឆ្នាំ។»
ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រីកការទូទាត់សាច់ប្រាក់តាមបែបអេឡិច ត្រូនិច នៅទូទាំងប្រទេស ក្រុមហ៊ុន Visa បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយគ្រឹះស្ថានអង្គរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ទៅកាន់រមណីយដ្ឋានអង្គរ និងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Optistech Co., Ltd ជាអ្នកទទួលបន្ទុកដោះស្រាយផ្នែកបច្ចេកវិទ្យា។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន Visa នឹងផ្តល់ជូននូវការបញ្ចុះតម្លៃចំនួន 3% លើសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលបានទិញដោយប្រើប្រាស់ប័ណ្ណវីសា ចាប់ពីខែតុលា រហូតដល់ចុង ខែវិច្ឆិការ ឆ្នាំ2017។ អតិថិជនដែលមានប័ណ្ណវីសា ក៏នឹងទទួលបាននូវការបញ្ចុះតម្លៃផ្សេងទៀត នៅទីតាំងអាជីវកម្មដៃគូរបស់យើងចំនួន 50 កន្លែង សម្រាប់ការទទួលទានអាហារ ការទិញទំនិញ ស្ប៉ា និងតំហែទាំសុខភាព ការស្នាក់នៅទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោក Preston បានបន្ថែមទៀតថា ៖ «ជាផ្នែកមួយនៃគោលបំណងរបស់ Visa គឺយើងខ្ញុំចង់អោយអតិថិជនរបស់យើងអាចប្រើប្រាស់ប័ណ្ណវីសានៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅ។ ជាមួយនឹងការប្រកាសនៅថ្ងៃនេះ យើងកំពុងតែខិតជិតមួយជំហ៊ានដើម្បីសម្រេចនូវចក្ខុវិស័យមួយនេះ សម្រាប់ជួយដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា។»
សព្វថ្ងៃនេះភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាអាចប្រើប្រាស់ប័ណ្ណវីសារបស់ពួកគេនៅទីតាំងអាជីវកម្មជិត 7.000 កន្លែង និង 1.000 ម៉ាស៊ីន ATM នៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែមអំពីទេសចរណ៍នាតំបន់ប្រាសាទអង្គរវត្តសូមចូលទៅកាន់គេហទំព័រ www.angkorenterprise.gov.kh
1 យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសក្នុងខែមេសាឆ្នាំ2017 – www.tourismcambodia.org
អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិ ដែលបានតភ្ជាប់អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅក្នុងប្រទេស និងដែនដីជាង 200 កន្លែង ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានល្បឿនលឿន សុវត្ថិភាព និងអាចទុកចិត្តបាន។ យើងបានធ្វើប្រតិបត្តិការដំណើរការបណ្តាញទំនើប ឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលមានលទ្ធភាពគ្រប់គ្រងសារប្រតិបត្តិជាង 65.000 សារ ក្នុងមួយវិនាទី ដោយមានការការពារការក្លែងបន្លំសម្រាប់អ្នកប្រើប្រាស់ និងធានាការទូទាត់ប្រាក់ចំពោះឈ្មួញ។ ក្រុមហ៊ុន Visa មិនមែនជាធនាគារទេ ហើយពុំមានចេញប័ណ្ណ ប័ណ្ណឥណទានពង្រីក ឬកំណត់អត្រា និងថ្លៃឈ្នួលសម្រាប់អតិថិជនឡើយ។ ក៏ប៉ុន្តែការបង្កើតថ្មីរបស់ក្រុមហ៊ុន Visa អាចជួយអតិថិជនរបស់ខ្លួន ដែលជាស្ថាប័នហិរញ្ញវត្ថុឱ្យផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួនកាន់តែច្រើនថែមទៀតដូចជា ៖ បង់ប្រាក់ឥឡូវនេះដោយប្រើប័ណ្ណ ឥណពន្ធ ទូទាត់ប្រាក់ជាមុន ឬនៅពេលក្រោយជាមួយប័ណ្ណឥណទាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.visa.com ។