មូលនិធិ Visa ផ្តល់ថវិកាចំនួន ២១០លានដុល្លារ ដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ ព្រមទាំងជំនួយបន្ទាន់ទប់ទល់នឹងជម្ងឺ COVID-19

04/10/2020

 

ទទឹមនឹងការយកចិត្តទុកដាក់រយៈពេលវែងទៅលើសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងដើម្បីដោះស្រាយតម្រូវការជាបន្ទាន់ពីសហគមន៍មូលដ្ឋាន បន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 មូលនិធិ Visa នៅថ្ងៃនេះបានប្រកាសពីសេចក្តីសម្រេចលើកម្មវត្ថុចំនួនពីរ ដែលមានទឹកប្រាក់សរុប ២១០លានដុល្លារ ដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ។

កម្មវត្ថុទីមួយ ដែលមានទឹកប្រាក់ចំនួន ១០លានដុល្លារ ត្រូវបានដាក់សម្រាប់ការផ្តល់ជំនួយបន្ទាន់ ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌នានានៅសមរភូមិមុខដែលឆ្លើយតបទៅនឹងជំងឺ COVID-19 ដូចជាការផ្តល់ជំនួយសុខភាពសាធារណៈ និងជំនួយស្បៀងអាហារនៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗនៃតំបន់ចំនួន ៥ ដែល ក្រុមហ៊ុន Visa ប្រតិបត្តិការ រួមមាន អាមេរិកខាងជើង អាមេរិកឡាទីន និង ការ៉ាប៊ីន អឺរ៉ុប អាស៊ី​ប៉ាស៊ី​ហ្វិ​ច និងអឺរ៉ុបកណ្តាល មជ្ឈឹមបូព៌ា និងអាហ្វ្រិក។

លោក Al Kelly នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖“ស្របពេលជំងឺ COVID-19 បន្តរាតត្បាត បណ្តាសហគមន៍កំពុងរងផលប៉ះពាល់ហើយត្រូវការការគាំទ្រជាបន្ទាន់ពីយើង។ ក្នុងនាមជាក្រុមហ៊ុនសកលមួយដែលប្រតិបត្តិការអាជីវកម្មបែបក្នុងស្រុក យើងទទួលស្គាល់នូវតម្រូវការនេះ។ យើងក៏បានត្រៀមចិត្តរួចជាស្រេចចំពោះដំណើរការងើបឡើងវិញដែលត្រូវការរយៈពេលវែង ហើយយើងនឹងបន្តរិះរកវិធីដែលអាចពន្លឿនសកម្មភាពនៃសេដ្ឋកិច្ចស្របតាមបេសកកម្មរបស់យើងដើម្បីជួយដល់ការីកចម្រើនរបស់បុគ្គល អាជីវកម្ម និងសេដ្ឋកិច្ច។»

កម្មវត្ថុទីពីរ គឺការអនុម័តនូវទឹកប្រាក់ចំនួន ២០០លានដុល្លារ ជាយុទ្ធសាស្ត្រក្នុងរយៈពេល ៥ ឆ្នាំដើម្បីគាំទ្រអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូនៅជុំវិញពិភពលោក ដោយផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី។ សកម្មភាពនេះ គឺបានពង្រីកការគាំទ្ររយៈពេលវែងរបស់មូលនិធិ Visaសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូទូទាំងពិភពលោក។ ថវិកាដែលទទួលបានពីមូលនិធិ Visaនឹងផ្តល់ដើមទុនដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូវិនិយោគដែលគាំទ្រអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញថានៅកម្ពុជា ៧០ភាគរយ នៃស្ត្រីដែលមានការងារធ្វើ ស្ថិតនៅក្នុងស្ថានភាពការងារងាយរងគ្រោះ ឬមិនមានស្ថេរភាព ហើយខណៈដែល ៦៥ភាគរយ នៃអាជីវកម្មទាំងអស់ត្រូវបានគ្រប់គ្រងដោយស្ត្រី ជាមធ្យមអាជីវកម្មទាំងនោះតូចជាងអាជីវកម្ម​របស់​បុរស។ បច្ចុប្បន្ន កិច្ចការងារបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់មូលនិធិ Visa នៅក្នុងប្រទេសកម្ពុជាសហការជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី​ គឺស្វែងរកការផ្តល់អំណាចដល់ស្ត្រីតាមរយៈការបណ្តុះបណ្តាលអាជីវកម្ម និងសហគ្រិនភាព។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖“ បណ្តាសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម គឺជាផ្នែកមួយដ៏ធំនៃសេដ្ឋកិច្ចកម្ពុជាដែលផ្តល់ការងារ ក៏ដូចជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសទៅលើស្ត្រី។ នៅក្នុងគ្រាលំបាកនេះក្រុមហ៊ុន Visa យើងរីករាយដែលបានចូលរួម ដើម្បីជួយដល់ប្រតិបត្ដិការទាំងនេះ ដែលវាជាផ្នែកដ៏សំខាន់មួយរបស់សហគមន៍នៅទូទាំងប្រទេសដើម្បីអាចបន្តធ្វើអ្វីដែលពួកគេអាចធ្វើបានទាំងពេលបច្ចុប្បន្ននិងបន្ទាប់ពីរោគរាតត្បាតត្រូវបានគ្រប់គ្រងទាំងស្រុង។»

អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក ដែលមានច្រើនជាង ៩០ភាគរយ នៃអាជីវកម្មទូទាំងពិភពលោក និងរួមចំណែកពី ៥០ ទៅ ៦០ ភាគរយនៃការងារសកល។ ឥណទានប្រចាំឆ្នាំដែលមានទឹកប្រាក់ចំនួន ៣០០ពាន់លានដុល្លារ ត្រូវបានផ្តល់សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូដែលជាកម្មសិទ្ធិរបស់ស្ត្រី ហើយត្រូវបានគេរំពឹងថានឹងមានការកើនឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចថ្មីៗដែលកំពុងរងសម្ពាធដោយសារតែ COVID-19i ។

លោក​ Al Kelly​​​ មានប្រសាសន៍បន្ថែមទៀតថា៖« ឥឡូវនេះជាពេលដែលយើងត្រូវតែពន្លឿនការគាំទ្រដល់អាជីវកម្មខ្នាតតូចនៅជួរមុខដែលជាចលករជម្រុញកំណើនសេដ្ឋកិច្ចជាងពេលណាៗទាំងអស់”។ លោកបន្តទៀតថា​ “ដោយសារតែម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ជាស្ត្រី វានឹងមានឥទិ្ធពលខ្លាំងដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដែលយើងជឿជាក់ថាជាវិធីមួយក្នុងចំណោមវិធីសំខាន់បំផុតដើម្បីសម្រេចបាននូវសមភាពយេនឌ័រ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។»

តាមរយៈកម្មវិធីទ្រទ្រង់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូដែលមានទឹកប្រាក់ចំនួន ២០០លានដុល្លារ មូលនិធិ Visa នឹងផ្តល់ជំនួយ៦០លានដុល្លារដល់អង្គការក្រៅរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រដល់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ជាស្ត្រីនៅគ្រប់តំបន់ដែល ក្រុមហ៊ុ​ន Visa ធ្វើប្រតិបត្តិការ។ មូលនិធិ Visa ក៏នឹងត្រៀមថវិកា ១៤០លានដុល្លារជាមួយដៃគូវិនិយោគ ដែលបង្កើតផលចំណេញផ្នែកសង្គម និងហិរញ្ញវត្ថុវិជ្ជមានសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូផងដែរ។

លោក Graham Macmillan ប្រធានមូលនិធិ Visa​ បានមានប្រសាសន៍ថា៖« ទឹកប្រាក់ ២០០ លានដុល្លារនៅក្នុងធនធានហិរញ្ញវត្ថុថ្មីបង្ហាញពីការប្តេជ្ញាចិត្តបន្តគាំទ្រអាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូដោយ ផ្តោតលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីនៅទូទាំងពិភពលោក” ។ នៅពេលស្ត្រីលូតលាស់ សហគមន៍ក៏នឹងរីកលូតលាស់។ យើងយល់ដឹងអំពីបញ្ហានេះច្រើនជាងពេលណាៗទាំងអស់ នៅពេលដែលសេដ្ឋកិច្ចពិភពលោកព្យាយាមស្តារ និងកសាងឡើងវិញ»។

 

 

ដើម្បីទទួលបានព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖

មូលនិធិ Visa: https://usa.visa.com/about-visa/philanthropy/visa-foundation.html

ការប្តេជ្ញាចិត្តថ្មីៗរបស់ក្រុមហ៊ុន Visa ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី៖ https://usa.visa.com/about-visa/newsroom/press-releases.releaseId.17026.html

 

https://www.adb.org/sites/default/files/publication/156499/promoting-womens-economic-empowerment.pdf

https://www.un.org/en/events/smallbusinessday/

https://www.ifc.org/wps/wcm/connect/news_ext_content/ifc_external_corporate_site/news+and+events/news/bridging-gender-gap

 

អំពីមូលនិធិ Visa

មូលនិធិ Visa ​ស្វែងរកការគាំទ្រដល់សេដ្ឋកិច្ចបញ្ចូលគ្នា ដែលបុគ្គល អាជីវក និងសហគមន៍អាចរីកចម្រើនបាន។ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ មូលនិធិ ផ្តល់អាទិភាពដល់កំណើននៃអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី។ មូលនិធិនេះក៏គាំទ្រផងដែរនូវតម្រូវការសហគមន៍និងការឆ្លើយតបនឹងគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ មូលនិធិ Visa​ ត្រូវបានចុះឈ្មោះនៅសហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពប្រភេទ 501(c)3 ។

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ visa.com/blog និង @VisaNews.