ក្រុមហ៊ុន Visa និង Caltex ដាក់ឲ្យប្រើប្រាស់ការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless នៅតាមស្ថានីយប្រេងឥន្ធនៈ លើកដំបូងគេក្នុងប្រទេសកម្ពុជា

06/05/2020

 

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោកបានប្រកាសនៅថ្ងៃនេះថាស្ថានីយប្រេងឥន្ធនៈ Caltex បានក្លាយជាបណ្តាញស្ថានីយប្រេងឥន្ធនៈដំបូងគេនៅប្រទេសកម្ពុជាដែលផ្តល់មធ្យោបាយក្នុងការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅទីតាំងចំនួន 18 របស់ស្ថានីយប្រេងឥន្ធនៈ Caltex ទូទាំងប្រទេស។ ឥឡូវនេះអតិថិជនទាំងអស់អាចធ្វើការទូទាត់ជាមួយ Visa កាត តាមរយៈ បច្ចេកវិទ្យា contactless នៅតាមស្ថានីយប្រេងឥន្ធនៈ Caltex បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពដោយកាតស្ថិតនៅជាប់នឹងដៃរបស់លោកអ្នកជានិច្ច។

ការដាក់អោយប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅតាមស្ថានីយប្រេងឥន្ធនៈ Caltex នឹងផ្តល់នូវបទពិសោធន៍នៃការទូទាត់ប្រាក់ដ៏លឿនរហ័ស ងាយស្រួល និងមានសុវត្ថិភាពជាងមុន សម្រាប់អ្នកបើកបរយានយន្ត ដែលមានបំណងចង់ចាក់សាំង ឬក៏ទិញទំនិញជាមួយ Visa កាត។ សម្រាប់ Caltex ការទទួលយកការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នឹងធ្វើអោយដំណើរការនៃការទូទាត់កាន់តែលឿន ជួយកាត់បន្ថយការរង់ចាំ មិនចាំបាច់ចាកចេញពីយាន្តជំនិះ និងផ្តល់នូវប្រសិទ្ធភាពនៃប្រតិបត្តិការកាន់តែប្រសើរជាងមុន។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថាគ្មាននរណាម្នាក់ចង់រង់ចាំដើម្បីធ្វើការទូទាត់ប្រាក់ក្នុងកំឡុងពេលមានអតិថិជនច្រើន និងមានភាពមមាញឹកនោះទេ ជាពិសេសគឺក្នុងពេលមេឃកំពុងក្តៅ ឬកំពុងភ្លៀងជាដើម។ ជាមួយនឹងការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម វាពិតជាមានភាពងាយស្រួល និងមានសុវត្ថិភាព រួចលោកអ្នកអាចបន្តដំណើរបានយ៉ាងឆាប់រហ័ស។ យើងរីករាយក្នុងភាពជាដៃគូរជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ Caltex ដែលនឹងផ្តល់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជានូវមធ្យោបាយដ៏ទំនើប និងកាន់តែងាយស្រួលក្នុងការទូទាត់ប្រាក់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។”

ក្នុងរយៈពេលពីរខែខាងមុខនេះ ម្ចាស់ Visa កាត ដែលប្រើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នឹងទទួលបានការផ្តល់ជូនពិសេស នៅស្ថានីយប្រេងឥន្ធនៈ Caltex ទាំង 18ស្ថានីយ ដែលមានការទូទាត់ជាមួយបច្ចេកវិទ្យា Contactless នៅកន្លែងចាក់សាំង ដោយគ្រាន់តែចំណាយចាក់ប្រេងឥន្ធនៈអស់ចាប់ពី ២០ដុល្លារក្នុងវិក្កយបត្រតែមួយ នឹងទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារ ភ្លាមៗ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ចុងខែកក្កដា ឬរហូតដល់រង្វាន់អស់ពីស្តុក។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មានលម្អិតនៅតាមសាខាប្រេងឥន្ធនៈ Caltex ដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។

លោក Daniel Hwang ប្រធានផ្នែកផលិតផលនៃ ក្រុមហ៊ុន ឈេហ្វរ៉ុន កម្ពុជា លីមីតធីត បានមានប្រសាសន៍ថា “នៅស្ថានីយប្រេងឥន្ធនៈ Caltex យើងយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រេងឥន្ធនៈល្អឥតខ្ចោះជូនដល់អតិថិជន ហើយផ្នែកមួយដែលយើងគិតគូផងដែរនោះ គឺការធានា និងផ្តល់ជូននូវការទូទាត់ដ៏មានប្រសិទ្ធិភាព និងងាយស្រួលសម្រាប់អ្នកបើកបរយានយន្ត និងទោចក្រយានយន្ត។ ដូច្នេះយើងមានសេចក្តីសោមនស្ស ដែលបានសហការជាមួយក្រុមហ៊ុន Visa ដើម្បីត្រួសត្រាយផ្លូវក្នុងការដាក់ឲ្យមានការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅតាមស្ថានីយប្រេងឥន្ធនៈរបស់យើងនៅក្នុងប្រទេសកម្ពុជា។ បច្ចេកវិទ្យាថ្មីនេះនឹងអនុញ្ញាតឲ្យអតិថិជនរបស់យើងដែលជាម្ចាស់ Visa កាត អាចចាក់ប្រេងឥន្ធនៈ ហើយទូទាត់បានលឿន និងសុវត្ថិភាព ដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាត មិនចាំបាច់ចុះហត្ថលេខា ឬក៏បញ្ចូលលេខកូដសម្ងាត់ (Pin) នោះទេ” ។

ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless អាចឲ្យម្ចាស់កាតធ្វើការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន កាតឥណពន្ធ និងកាតបង់ប្រាក់របស់ Visa ដែលចេញដោយធនាគារ។ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ។ ហើយម្យ៉ាងវិញទៀត អតិថិជនមិនតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការដែលមានចំនួនទឹកប្រាក់រហូតដល់៥០ដុល្លារ ដែលនេះជាហេតុឱ្យពួកគេចំណាយពេលតិចតួចបំផុតនៅក្នុងស្ថានីយប្រេងឥន្ធនៈ ហើយអាចបន្តដំណើរពីគោលដៅ A ទៅគោលដៅ B បានកាន់តែលឿន។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិចក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា មួយចុងក្រោយរបស់ Visa អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាតដែលទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless។

អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា “នៅក្រុមហ៊ុន Visa ពួកយើងតែងតែស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដើម្បីធ្វើការទូទាត់ប្រចាំថ្ងៃ។ ព្រោះតែដូច្នេះហើយទើបក្រុមហ៊ុន Visa ផ្ដល់ជូននូវបច្ចេកវិទ្យាទូទាត់តាមរយៈប្រព័ន្ធ Contactless នៅតាមស្ថានីយប្រេងឥន្ធនៈ។ ប្រជាជនកម្ពុជាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់តាមរយៈរបកគំហើញថ្មីៗ ដូច្នេះទើបពួកយើងរៀបចំបង្កើនការផ្ដល់សេវាទូទាត់តាមបច្ចេកវិទ្យាថ្មីៗ នៅតាមទីតាំងកាន់តែច្រើនសម្រាប់អតិថិជនប្រើប្រាស់កាតបាន យ៉ាងមានទំនុកចិត្ត នឹងអាចជួយជម្រុញវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះឲ្យបានកាន់តែទូលំទូលាយនៅក្នុងទីផ្សារ។”

 

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូម ចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.