ក្រុមហ៊ុន Visa ចាប់ដៃគូជាមួយផ្សារទំនើប AEON និង AEON MaxValu ដាក់ឲ្យប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless

06/18/2020

 

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានប្រកាសពីវិធីទូទាត់ដែលរហ័ស និងមានភាពងាយស្រួលជាងមុនសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងការចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ការទូទាត់ជាមួយ Visa កាត តាមរយៈ

បច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON និង AEON MaxValu ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អតិថិជនអាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាការស្រេច ដោយមិនចាំបាច់ប្រើវិធី "ស៊ក ឬ ឆូត" ដូចមុននោះឡើយ។

ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ ផ្តល់ជូនអតិថិជននូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់នៅផ្សារទំនើប AEON និង AEON MaxValu ហើយជាមួយនឹងគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិធំៗនៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ វាពិតជាមានសុវត្ថិភាពបំផុតក្នុងការអនុវត្តគម្លាតសង្គម។ ក្រុមហ៊ុនក៏នឹងចាប់ផ្តើមដាក់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះនៅតាមសាខាផ្សារទំនើប AEON និង AEON MaxValu នៅទូទាំងប្រទេសផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការជាមួយក្រុមហ៊ុន AEON ដើម្បីដាក់ឲ្យដំណើរការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅតាមបណ្តាផ្សារទំនើបទាំងអស់របស់ផ្សារទំនើប AEON និង AEON MaxValu នៅទូទាំងប្រទេស។ ជាមួយនឹងការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះមិនត្រឹមតែធ្វើឱ្យប្រតិបត្តិការទូទាត់កាន់តែងាយស្រួលសម្រាប់អ្នកទិញ និងអ្នកលក់ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែកាតស្ថិតនៅក្នុងដៃរបស់ម្ចាស់កាត វាក៏ផ្តល់នូវសុវត្ថិភាពដល់ភាគីទាំងសងខាងផងដែរ ព្រោះវាកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់។ យើងសង្ឃឹមថាការសហការជាមួយផ្សារទំនើប AEON និង AEON MaxValu នឹងជួយជម្រុញវិស័យការទូទាត់តាម

រយៈបច្ចេកវិទ្យា Contactless និងការទូទាត់តាមរយៈអេឡិចត្រូនិកឲ្យកាន់តែទូលំទូលាយនៅក្នុងប្រទេស

កម្ពុជា»។

ចាប់ពីថ្ងៃទី១៨ ខែមិថុនាតទៅ ម្ចាស់ Visa កាត ដែលប្រើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON ដែលចំណាយចាប់ពី ២០ដុល្លារ ឡើងទៅ នឹងទទួលបានប័ណ្ណទឹកប្រាក់៣ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មានលម្អិតនៅតាមទីតាំងរបស់ AEON នីមួយៗដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។

លោក ស៊ិន ពិសី ជា Director របស់ក្រុមហ៊ុន AEON បានមានប្រសាសន៍ថា៖« នៅផ្សារទំនើប AEON និង AEON MaxValu យើងផ្តោតការយកចិត្តទុកដាក់លើការផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការដើរផ្សាររបស់ពួកគេ ហើយការផ្តល់ជូនអតិថិជននូវការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless  គឺស្របតាមគោលនយោបាយរបស់យើងផងដែរ។ ប្រសិនបើយើងមើលតាមស្ថានការណ៍បច្ចុប្បន្ន ឃើញថាការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless គឺជាមធ្យោបាយដ៏ល្អមួយដែលអាចជួយធានាដល់អតិថិជនរបស់យើងទទួលបាននូវសុវត្ថិភាព ខណៈពេលដែលពួកគេនៅតែអាចរីករាយក្នុងការទិញទំនិញ»។

ទោះបីសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្រ្តថ្មីក្នុងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធ

អេឡិចត្រូនិកក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សា1  មួយចុងក្រោយរបស់ Visa អំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជនតាមរយៈការស្ទង់មតិ៤នាក់ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយមសម្រាប់ការប្រើប្រាស់ការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេលអនាគត។ ទន្ទឹមនឹងនេះ មួយភាគបីនៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាតដែលទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីទូទាត់ប្រាក់តាម

រយៈបច្ចេកវិទ្យា Contactless។

ក្នុងខណៈពេលដែលមានការកាត់បន្ថយទំនាក់ទំនងរវាងបុគ្គល ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ទទួលបាននូវការទាក់ទាញយ៉ាងខ្លាំងនាពេលថ្មីៗនេះនៅជុំវិញពិភពលោក ដោយរដ្ឋាភិបាល និង អាជីវករ កំពុងតែស្វែងរកមធ្យោបាយដើម្បីបន្តធ្វើពាណិជ្ជកម្ម ។ តាមរយៈរបាយការណ៍ការធ្វើប្រតិបត្តិការទូទាត់របស់ Visa កាត នៅឆ្នាំ ២០១៩2 នៅអាស៊ីប៉ាស៊ីហ្វិកបច្ចេកវិទ្យា Contactless បានក្លាយជាមធ្យោបាយសាមញ្ញសម្រាប់ការទូទាត់រួចទៅហើយ សម្រាប់ការបញ្ជាទិញទំនិញដោយផ្ទាល់ពីអតិថិជន៕

 

 

1 The Visa Consumer Payment Attitudes Study 2018 was conducted by Intuit Research on behalf of Visa in mid-2018 across eight Southeast Asian countries: Cambodia, Indonesia, Malaysia, Myanmar, Philippines, Singapore, Thailand, and Vietnam. Total sample size is 4,000 including 500 adults in Cambodia aged 18-65, covering all education groups, but with quotas set on household income and location of residence to ensure representative sample.

2 VisaNet data, Investor Day 2020.

 

អំពីក្រុមហ៊ុន Visa 
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.