អាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងចូលរួមក្នុង កម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុន Visa ដើម្បីលើកស្ទួយវិស័យអាជីវកម្ម ខ្នាតតូចឲ្យងើបឡើងវិញតាមរយៈប្រព័ន្ធពាណិជ្ជកម្មឌីជីថល

06/27/2020

ក្រុមហ៊ុន Visa បានបើកដំណើរការវិទ្យាស្ថានថ្មីដើម្បីជំរុញការងើបឡើងវិញនៃអាជីវកម្មខ្នាតតូចនឹងផ្ដល់ធនធាន ដើម្បីជួយឲ្យអាជីវកម្មទទួលយកការទូទាត់ប្រាក់តាមបែបឌីជីថល ក្នុងការបង្កើតវត្តមាននៅលើបណ្ដាញអ៊ីនធើណិត។

 

ក្រុមហ៊ុន Visa (NYSE: V) នៅថ្ងៃនេះបានប្រកាសពីការប្តេជ្ញាចិត្តក្នុងការគាំទ្រអាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការត្រឡប់មកធ្វើអាជីវកម្មឡើងវិញបន្ទាប់ពីរងផលប៉ះពាល់នៃការរីករាលដាលពីជំងឺរាតត្បាត COVID-19។ ក្រុមហ៊ុន Visa កំពុងណែនាំកម្មវិធី ព្រមទាំងផ្តល់នូវដំណោះស្រាយជាច្រើនដើម្បីជួយសហគ្រាសធុនតូច និង មធ្យម (SMEs) ដើម្បីជំរុញការលក់ប្រកបដោយប្រសិទ្ធភាព តាមរយៈការទទួលយកការទូទាត់តាមបែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ទាំងតាមប្រព័ន្ធអ៊ីនធើណេត និងនៅក្នុងហាងលក់ទំនិញនានា។ ក្រុមហ៊ុន Visa ក៏បានបង្កើតវិទ្យាស្ថានពង្រឹងវិស័យសេដ្ឋកិច្ច Visa (VEEI) ដែលផ្តោតលើបញ្ហាសេដ្ឋកិច្ច និងសង្គម រួមទាំងបញ្ហាដែលសហគ្រាសធុនតូចនិងមធ្យមកំពុងប្រឈមជាមួយផល់ប៉ះពាល់នៃមេរោគរាតត្បាត ព្រមទាំងការបញ្ឈប់ ការរើសអើងជាតិសាសន៍ និងគម្លាតនៃយេនឌ័រ ។

ការគាំទ្រអាជីវកម្មចំនួន ១០លានកន្លែង គឺជាផ្នែកមួយនៃកម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុន Visa ដែលផ្ដល់ការគាំទ្រដល់ អាជីវកម្មខ្នាតតូចសរុបចំនួន ៥០លានកន្លែងនៅជុំវិញពិភពលោក។ អាជីវកម្មខ្នាតតូច ដើរតួយ៉ាងសំខាន់ក្នុងការជួយសហគមន៍ឱ្យដំណើរការឡើងវិញព្រោះថាអាជីវកម្មនេះបានផ្ដល់ការងារជាងពាក់កណ្តាលនៃការងារសរុបនៅជុំវិញពិភពលោកហើយស្ថិតក្នុងចំណោមអាជីវកម្មដែលងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីជំងឺរាតត្បាត1។ នៅអាស៊ីប៉ាស៊ីហ្វិក សហគ្រាសធុនតូចនិងមធ្យម មានច្រើនជាង៩០ភាគរយ នៃអាជីវកម្មទាំងអស់ ហើយចំនួន ៥០ភាគរយគឺជាការងារដែលប្រើកម្លាំងពលកម្ម2

ក្រៅពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជំងឺ COVID-19 កំពុងជួយជម្រុញឲ្យមានការប្រើប្រាស់តាមរយៈប្រព័ន្ធឌីជីថលហើយប្រជាជនចាប់ផ្តើមស្វែងរកមធ្យោបាយថ្មីៗក្នុងការទូទាត់ដោយមិនចាំបាច់ប៉ះពាល់ផ្ទាល់ជាមួយម៉ាស៊ីនគិតប្រាក់ រហូតធ្វើឲ្យមានកើនឡើងនៃការទិញទំនិញតាមប្រព័ន្ធអីនធឺណេត (eCommerce) ដោយសារតែមិនអាចចាកចេញពីផ្ទះ អតិថិជនជ្រើសរើសការបព្ជារទិញ តាមរយៈប្រព័ន្ធអ៊ីនធឺណេតជំនួសឲ្យការចេញទៅទិញនៅហាងនានាវិញ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អតិថិជន ៤១ភាគរយ បានធ្វើប្រតិបត្តិការទិញទំនិញតាមរយៈប្រព័ន្ធអ៊ីនធឺណេតចំនួន ៥ដង ឬ ញឹកញាប់ជាងនេះក្នុងរយៈពេល ៣ខែ3ចុងក្រោយ។ អតិថិជនចំនួនបីភាគបួននៅក្នុងតំបន់បាននិយាយថា ពួកគេនឹងបន្តប្រើប្រាស់ការទូទាត់តាមរយៈឌីជីថលជំនួសឱ្យការត្រលប់ទៅប្រើប្រាស់សាច់ប្រាក់សុទ្ធវិញ បើទោះបីជាមានការថយចុះនៃការរីករាលដាលនៃជំងឺរាតត្បាតនៅជុំវិញពិភពលោកក៏ដោយ4

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកបានធ្វើការកែប្រែ ទៅកាន់ការទូទាត់តាមបែបឌីជីថលនៅក្នុងកំឡុងពេលការរីករាលដាលនៃជម្ងឺ COVID-19 ព្រោះអតិថិជនព្យាយាមស្វែងរកមធ្យោបាយទូទាត់ ដែលមានសុវត្ថិភាព និងមិនប៉ះដោយផ្ទាល់ ដោយធ្វើការបញ្ជាទិញទំនិញដែលចាំបាច់តាមរយៈប្រព័ន្ធអ៊ិនធឺណេត” ។ លោកបន្តថា៖ «តួនាទី និងបទពិសោធន៍របស់ក្រុមហ៊ុន Visa ក្នុងវិស័យទូទាត់អាចជួយផ្តល់នូវមធ្យោបាយដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមសម្របខ្លួនទៅនឹងវិធីសាស្រ្តថ្មីៗដើម្បីគ្រប់គ្រង និងធ្វើឲ្យអាជីវកម្មរបស់ពួកគេមានការរីកលូតលាស់នៅក្នុងវិស័យឌីជីថល ក្នុងដំណាក់កាលងើបឡើងវិញ។

ដើម្បីជួយដល់អាជីវកម្មខ្នាតតូច ក្រុមហ៊ុន Visa កំពុងផ្តោតលើយុទ្ធសាស្ត្រចំនួនបួន ដើម្បីជំរុញពាណិជ្ជកម្មតាមបែបឌីជីថល និងកំណើនសេដ្ឋកិច្ច ដោយមានផែនការបន្តបង្កើតផលិតផល និងសេវាកម្មនានា។ យុទ្ធសាស្ត្រទាំងនោះរួមមាន៖ 

  • ពង្រឹងអាជីវកម្មតាមបែបឌីជីថលជាជំហ៊ានដំបូង៖ ក្រុមហ៊ុន Visa បានបង្កើតមជ្ឈមណ្ឌលធនធានតាមប្រព័ន្ធអ៊ីនធឺណេត ដែលឥឡូវមាននៅជាង ២០ប្រទេស ដែលជួយផ្តល់នូវព័ត៌មានអំពីវិធីចាប់ផ្តើម ការដំណើរការ និងការពង្រីកអាជីវកម្មខ្នាតតូចតាមរយៈប្រព័ន្ធឌីជីថល។ ក្រុមហ៊ុន Visa កំពុងតែចាប់ដៃគូជាមួយក្រុមហ៊ុនដែលឈានមុខ ផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអីនធឺណេតដូចជា Shopify និង Boutir ដើម្បីជួយអាជីវកម្មក្នុងស្រុក អាចប្រកបអាជីវកម្មតាមរយៈប្រព័ន្ធអ៊ីនធឺណេតបានផងដែរ។ ក្រុមហ៊ុន Visa នឹងបន្តពង្រីកភាពជាដៃគូជាសកលរបស់ខ្លួនជាមួយ IFundWomen ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដោយផ្តល់នូវជំនួយ និងការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធឌីជីថល ទៅដល់អាជីវកម្មខ្នាតតូចដែលគ្រប់គ្រង់ដោយស្ត្រីនៅក្នុងប្រទេសឥណ្ឌា។
  • ជម្រុញការលើកទឹកចិត្តដល់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល៖ ការដាក់ឲ្យមានបច្ចេកវិទ្យាទូទាត់ដោយមិនប៉ះពាល់ដោយផ្ទាល់ ពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យពាណិជ្ជកម្មមានដំណើរការលឿន និងមានសុវត្ថិភាពជាងមុន។ ក្រុមហ៊ុន Visa កំពុងធ្វើការណែនាំអំពីការទូទាត់តាមរយៈប្រព័ន្ធឌីជីថលដែលមានតំលៃសមរម្យ រួមទាំងមធ្យោបាយទូទាត់ផ្សេងទៀតដែលមិនត្រូវការប្រព័ន្ធទូរទាត់ប្រាក់នៅកន្លែងលក់ ដោយអាចប្រើទូរស័ព្ទចល័តរបស់អាជីវករ ទៅជាម៉ាស៊ីនទូទាត់ជំនួសបានថែមទៀតផង។ ក្រុមហ៊ុន Visa និងដៃគូពាណិ្ជកម្មរបស់យើងបានដាក់ឲ្យប្រើប្រាស់ ការទូទាត់ដោយយកកាត ដាក់ពីលើទូរស័ព្ទដើម្បីទូទាត់ (tap to phone solutions) នៅប្រទេសម៉ាឡេស៊ី រួមជាមួយទីផ្សារដ៏ទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជា ប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា តៃវ៉ាន់ និង វៀតណាម។ ក្រុមហ៊ុន Visa កំពុងគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការទូទាត់ប្រាក់តាមបែបឌីជីថល ពីសហគ្រាសមួយទៅសហគ្រាសមួយថែមទៀតផង។ យោងតាមរយៈការទូទាត់តាមបែបឌីជីថល ដោយការប្រើប្រាស់ Visa កាត សម្រាប់អាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម អាចទទួលបាននូវអត្ថប្រយោជន៍ខ្ពស់ ក្នុងការគ្រប់គ្រងដើមទុនដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុន Visa បានរៀបចំការផ្តល់ជូនដៃគូពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលប្រើប្រាស់ Visa កាតសម្រាប់អាជីវកម្ម ដែលអាចចូលទៅកាន់ទម្រង់គណនេយ្យដោយប្រើប្រព័ន្ធអ៊ីនធឺណេត (Cloud) និងវគ្គសិក្សាស្តីពីការធ្វើទីផ្សារតាមរយៈប្រព័ន្ធឌីជីថលផងដែរ។

  • ជម្រុញការលើកទឺកចិត្តដល់ការជួយអាជីវកម្មក្នុងស្រុក៖ ភាពជាដៃគូរបស់ក្រុមហ៊ុន Visa លើកទឹកចិត្តអតិថិជនឱ្យទិញទំនិញក្នុងស្រុក និងរំលឹកពួកគេថា កន្លែងដែលពួកគេជ្រើសរើសទិញទំនិញពិតជាសំខាន់ក្នុងការជួយអាជីវកម្មក្នុងស្រុក។ គម្រោង Back to Business របស់ Visa ដែលជាឧបករណ៍តាមប្រព័ន្ធអ៊ិនធើណេតដែលជួយឲ្យអាជីវកម្ម អាចនឹងបើកដំណើរការនៅក្នុងអំឡុងពេលមានជំងឺរាតត្បាតឬគ្រោះមហន្តរាយធម្មជាតិ ឥឡូវនេះកំពុងដាក់ឲ្យដំណើរការក្នុងប្រទេសអូស្រ្តាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក ហើយនឹងពង្រីកបន្ថែមទៀតនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Visa បានដាក់ចេញគំនិតផ្តួចផ្តើមថ្មីដែលមានឈ្មោះថា «កន្លែងដែលអ្នកជ្រើសរើសទិញទំនិញពិតជាសំខាន់ -Where You Shop Matter» នៅប្រទេរសអូស្រ្តាលី និង នូវែលសេឡង់ ដែលអាចជួយផ្តល់លទ្ធភាពដល់សហគ្រិន និង លើកទឹកចិត្តអតិថិជនឱ្យគាំទ្រអាជីវកម្មខ្នាតតូច។ ក្រុមហ៊ុន Visa នឹងពង្រីកគំនិតផ្តួចផ្តើមនេះបន្ថែមទៀតទៅកាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតដូចជាហុងកុង ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី និង វៀតណាម។

  • អភិវឌ្ឍគោលជំហរ និងគោលនយោបាយ៖ បន្ថែមលើគំនិតផ្តួចផ្តើមដែលក្រុមហ៊ុន Visa កំពុងបន្តអនុវត្ត ក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះពីការបង្កើតវិទ្យាស្ថានពង្រឹងវិស័យសេដ្ឋកិច្ចរបស់ Visa ផងដែរ។ វិទ្យាស្ថានថ្មីនេះរួមមានអ្នកជំនាញ និងដៃគូរបស់ Visa នឹងជួយដោះស្រាយបញ្ហា ព្រមទាំងផ្តល់នូវចក្ខុវិស័យសម្រាប់កំណើនសហគ្រាសធុនតូចនិងមធ្យម និងការបញ្ឈប់ការរើសអើងជាតិសាសន៍និងគម្លាតយេនឌ័រ។ គម្រោងសំខាន់ៗក្នុងរយៈពេល៦ខែខាងមុខ នឹងលើកយកប្រធានបទជាច្រើនរួមមាន ការស្តារឡើងវិញក្រោយវិបត្ដិ និងភាពធន់លើការរងការប៉ះទង្គិច ភាពបត់បែននៃបំលាស់ប្ដូរទីប្រជុំជន និងការយល់ដឹងអំពីសេដ្ឋកិច្ច។

សេចក្តីប្រកាសថ្ងៃនេះយោង បន្ទាប់ពីការប្តេជ្ញាចិត្តជាសកលពីមូលនិធិ Visa ដែលបានចេញប្រកាសកាលពីខែមេសា ដើម្បីផ្តល់ថវិកាចំនួន ២១០លានដុល្លារអាមេរិក ក្នុងការផ្តល់ជំនួយបន្ធូរបន្ថយបញ្ហាសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាត COVID-19 ដើម្បីឆ្លើយតបនឹងតម្រូវការរយៈពេលវែងរបស់សហគមន៍អាជីវកម្មខ្នាតតូចក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

ក្នុងនាមជាក្បាលម៉ាស៊ីនពាណិជ្ជកម្មដែលអាចទុកចិត្តបានក្រុមហ៊ុន Visa បានប្តេជ្ញាចិត្តប្រើប្រាស់បណ្តាញសកលរបស់ខ្លួនដើម្បីជួយពិភពលោកក្នុងការសម្របខ្លួន ស្តារឡើងវិញ និងធ្វើឱ្យមនុស្សគ្រប់គ្នាវិលត្រឡប់មកប្រកបរបរអាជីវកម្មរបស់ខ្លួនឡើងវិញ៕

 

 

 

 

 

1 Impact of COVID-19 on Small and Medium Businesses, SMB Group, 2020 

2 World Bank, SME Finance, https://www.worldbank.org/en/topic/smefinance

3 YouGov survey of 4,770 consumers in Australia, New Zealand, Hong Kong, Singapore & Malaysia from 21 to 25 May 2020, comissioned by Visa

4 Kantar COVID-19 Barometer, fieldwork 27-31 March 2020. The study collated consumer data across 40 markets globally and 11 markets in Asia-Pacific

 

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.