Visa បន្តការចែករំលែកកម្មវិធី “ជំនាញអាជីវកម្មជាក់ស្តែង” - ដែលជាធនធានសិក្សារដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និង សហគ្រិន

04/12/2021

“កម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង - Practical Business Skills”
ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល

 

នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V) បានប្រកាសពីការពង្រីកការផ្តល់ជូនកម្មវិធីអប់រំស្តីពី «ជំនាញអាជីវកម្មជាក់ស្តែង -​ Practical Business Skills1 ដែលជាវេទិកាឌីជីថលសកលមួយចែកជូនធនធានសិក្សារដោយឥតគិតថ្លៃ។ វេទិកានេះបានប្រមូលផ្តុំនូវគន្លឹះ មធ្យោបាយ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្ម ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMB) ធ្វើសេចក្តីសម្រេចចិត្តប្រកបដោយទំនុកចិត្ត ក្នុងដំណាក់កាលពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ គ្រប់ឯកសារទាំងអស់ មានរៀបចំជាភាសាអារ៉ាប់ អង់គ្លេស បារាំង និង អេស្បាញ ហើយក៏កំពុងរៀបចំជាភាសាខ្មែរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Visa ក្នុងការជួយដល់ម្ចាស់អាជីវកម្មដែលជាដៃគូ ទាំងខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការស្តារអាជីវកម្មឡើងវិញ។

គេហទំព័រអប់រំសម្រាប់សហគ្រិនដ៏សំបូរបែបនេះ ត្រូវ​បានបង្កើតឡើងដោយក្រុមហ៊ុន Visa ស្របពេលដែលវិបត្តិសេដ្ឋកិច្ច កំពុងតែជះឥទ្ធិពលដល់អាជីវកម្មខ្នាតតូច និងមធ្យម រាប់លាននៅទូទាំងពិភពលោក។ គេហទំព័រនេះ អាចជាបច្ច័យទានមួយផ្តល់នូវមធ្យោបាយ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការបន្តដំណើរការអាជីវកម្មរបស់ខ្លួនមិនឲ្យដួល នឹងចេះកំណត់ឱកាសសម្រាប់ពន្លឿនវឌ្ឍនភាពរបស់ខ្លួននៅក្នុងស្ថានការណ៍បែបនេះ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង។ វាមានសារៈសំខាន់ណាស់ ក្នុងការបំពាក់បំប៉ននូវចំណេះដឹង និងជំនាញដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម  រួមទាំងលទ្ធភាពក្នុងការទទួលបាននូវសេវាកម្មដែលនឹងគាំទ្រពួកគាត់ក្នុងការស្តារអាជីវកម្មឡើងវិញ ឬ ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពរឹងមាំ និងអាច​ដំណើរការអាជីវកម្មរបស់ខ្លួនជាលក្ខណៈឌីជីថលបាន” ។ លោកស្រីបន្តទៀតថា៖ «កម្មវិធី Practical Business Skills គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Visa ក្នុងការផ្តល់នូវធនធាន និងចំណេះដឹង ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចដែលមាននិរន្តភាព និងសមធម៌ សំរាប់សហគ្រិន អាជីវកម្ម និងសហគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ»។

អាជីវកម្មខ្នាតតូច និងមធ្យម មានចំនួនច្រើនជាង ៩០% នៃអាជីវកម្មទូទាំងពិភពលោក និងបានរួមចំណែកពី ៥០ ទៅ ៦០ ភាគរយនៃការងារ2សកល។ នៅក្នុងខួបគម្រប់រយៈពេលជិតមួយឆ្នាំនៃជំងឺ Covid-19​  សហគមន៍អាជីវកម្មខ្នាតតូច និងមធ្យម នៅតែត្រូវការការគាំទ្រដើម្បីបន្តសម្របខ្លួននៅក្នុងគ្រាដ៏លំបាកមួយនេះ ពីព្រោះការចូលរួមចំណែករបស់ម្ចាស់អាជីវកម្មដល់សហគមន៍ និងសេដ្ឋកិច្ចពិភពលោក មិនអាចមើលរំលងបានទេ។

កម្មវិធី «Practical Business Skills » ត្រូវបានបង្កើតឡើងដោយផ្អែកលើជំនាញសកលរបស់ក្រុមហ៊ុន Visa ក្នុងការអប់រំទាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងវិធីសាស្ត្របណ្តុះផ្នត់គំនិតសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្ម មធ្យោបាយក្នុងការចាប់ផ្តើម គ្រប់គ្រង និងពង្រីកអាជីវកម្មជាដើម។ ដើម្បីឆ្លើយតបទៅនឹងតំរូវការនៅដំណាក់កាលផ្សេងៗគ្នានៃដំណើរអាជីវកម្ម  កម្មវិធីនេះមានជាគំរូមេរៀនតាមអ៊ិនធើណេតរហូតដល់ ៥០មេរៀន ដែលទាក់ទងទៅនឹង ៖

  • ការចាប់ផ្តើមអាជីវកម្ម៖ ផ្តល់នូវគន្លឹះសម្រាប់អ្នកចង់ក្លាយជាសហគ្រិន ដើម្បីអាចស្វែងយល់ នឹង វាយតម្លៃពីដំណាក់កាលពាក់ព័ន្ធទៅនឹងការបើកអាជីវកម្ម ការស្វែងរកហិរញ្ញប្បទាន ការប្រកបអាជីវកម្ម និងការធ្វើទីផ្សារជាដើម ។
  • ការគ្រប់គ្រងអាជីវកម្ម៖ ​ផ្តល់ជាព័ត៌មានអំពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ គំរូសម្រាប់ការវិភាគហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ព្រមទាំងគន្លឹះ និងយុទ្ធសាស្រ្តដើម្បីជម្រុញការលក់។
  • ការបង្កើត និងការអភិវឌ្ឍន៍អាជីវកម្ម៖ មានជាវិធីសាស្រ្តស្តីអំពីរបៀបក្នុងការជម្រុញអាជីវកម្មអោយទទួលបានប្រាក់ចំណេញ និងជោគជ័យយូរអង្វែង។

 

កម្មវិធី Practical Business Skills ផ្តល់ជូនម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យមនូវលទ្ធភាពក្នុងការចូលទៅកាន់ បណ្ណាល័យវីដេអូ ឯកសារមេរៀន និងបណ្តាធនធានជាច្រើនទៀត ហើយម្ចាស់អាជីវកម្មអាចទាញយកសំណៅមេរៀនទាំងនោះ និងធ្វើការកែតម្រូវ​ឲ្យសមស្របសម្រាប់អាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួល ដូចជាកម្មវិធីម៉ាស៊ីនគិតលេខដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់ ឬកំណត់តុល្យភាពការចំណាយ និងអត្ថប្រយោជន៍នៃការខ្ចីប្រាក់ជាដើម។ ដើម្បីពិនិត្យមើលឯកសារទាំងអស់ សូមចូលទៅកាន់តំណគេហទំព័រ៖ www.practicalbusinessskills.org ។

ក្រុមហ៊ុន Visa បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវធនធានដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមអាចរីកចម្រើននិងងើបឡើងវិញពីវិបត្តិ COVID-19។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលមានចំនួនទីតាំងពាណិជ្ជកម្មស្ទើតែ ៧០លានកន្លែងនៅជុំវិញពិភពលោក អាទិភាពរបស់ក្រុមហ៊ុន Visa គឺធ្វើយ៉ាងណាជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអោយរីកចម្រើននៅគ្រប់ជំហាន។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការសកម្មភាពរបស់ Visa និងមូលនិធិ Visa ឆ្លើយតបទៅនឹងផលប៉ះពាល់នៃវិបត្តិ COVID-19 សូមចូលទៅកាន់៖

  • ថវិការបស់មូលនិធិ Visa ជាង ២១០លានដុល្លារ ត្រូវបានរៀបចំឡើងក្រោមការប្តេជ្ញាចិត្តដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ និងជំនួយបន្ទាន់ ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌នានានៅសមរភូមិមុខដែលឆ្លើយតបទៅនឹងជំងឺ COVID-19 ៖ https://usa.visa.com/about-visa/newsroom/press-releases.releaseId.17066.html
  • ការបើកដំណើរការមជ្ឈមណ្ឌលអាជីវកម្មខ្នាតតូច នៅលើគេហទំព័រ Visa.com ដើម្បីផ្តល់ធនធានក្នុងស្រុក សម្រាប់សហគ្រិន រួមទាំងការផ្តល់ភាពជាដៃគូពិសេស និងគន្លឹះជំនួយដែលម្ចាស់អាជីវកម្មអាចអនុវត្តបានយ៉ាងងាយស្រួលដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង។

 

 

1 https://www.practicalbusinessskills.org/

2 Source: The World Bank https://www.worldbank.org/en/topic/smefinance

 

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

 

អំពីមូលនិធិ Visa

មូលនិធិ Visa ស្វែងរកការគាំទ្រដល់សេដ្ឋកិច្ចបញ្ចូលគ្នា ដែលបុគ្គល អាជីវក និងសហគមន៍អាចរីកចម្រើនបាន។ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ មូលនិធិ ផ្តល់អាទិភាពដល់កំណើននៃអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី។ មូលនិធិនេះក៏គាំទ្រផងដែរនូវតម្រូវការសហគមន៍និងការឆ្លើយតបនឹងគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ មូលនិធិ Visa ត្រូវបានចុះឈ្មោះនៅសហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពប្រភេទ 501(c)3 ។ ព័ត៌មានបន្ថែមអំពីមូលនិធិ Visa សូមចុចលើតំណ https://usa.visa.com/about-visa/philanthropy/visa-foundation.html.