ធនាគារ ស្ថាបនា ភ្ជាប់បណ្តាញអាជីវកម្ម Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេស សម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និង សហគ្រាសធុនតូច និងមធ្យម

03/25/2022

ធនាគារ ស្ថាបនា បានក្លាយជាធនាគារពាណិជ្ជឈានមុខដំបូងគេនៅកម្ពុជា ដែលផ្តល់សេវា Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់សម្រាប់ពាណិជ្ជកម្មឆ្លងប្រទេស

 

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ – នៅថ្ងៃនេះ ធនាគារ ស្ថាបនា បានឈានដល់សមិទ្ធផលថ្មីមួយទៀត ក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខ ដែលផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Visa B2B Connect ដំបូងគេនៅក្នុងប្រទេសកម្ពុជា ជូនដល់អតិថិជនចាស់ និងថ្មី ទាំងអស់របស់ធនាគារ។ ដំណោះស្រាយទូទាត់អាជីវកម្មឆ្លងប្រទេស ដែលមានភាពបត់បែន នឹងគ្របដណ្តប់ជាង ១០៤ ប្រទេស និងតំបន់ ព្រមទាំងទូទាត់បានជាង ១០០ រូបិយប័ណ្ណជុំវិញពិភពលោក។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “«ចំណុចសំខាន់នៃអាជីវកម្មរបស់យើង គឺការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធន៍ល្អឥតខ្ចោះ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ការធ្វើប្រតិបត្តិការបង់ប្រាក់ និងទទួលប្រាក់រហ័ស​ ហើយមានសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ទំហំ ជាពិសេសនៅក្នុងបរិយាកាសធុរកិច្ចក្នុងតំបន់ និងសកល ដែលកំពុងមានការផ្លាស់ប្តូរមិនឈប់ឈរនាពេលបច្ចុប្បន្ននេះ។ Visa B2B Connect នឹងជួយដល់ប្រតិបត្តិការផ្នែកធុរកិច្ចរបស់ម្ចាស់អាជីវកម្មដែលជាអតិថិជនរបស់ធនាគារ ស្ថាបនា​ទាំងអស់ ឲ្យទទួលបាននូវអត្ថប្រយោជន៍ពីភាពងាយស្រួលនៃការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសយ៉ាងរហ័ស និងសុវត្ថិភាព តាមរយៈបណ្តាញសាខាដ៏ច្រើនរបស់យើង»។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “«ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នត្រូវការសមត្ថភាពទូទាត់ដែលមានតម្លាភាព រហ័ស និងងាយស្រួលគ្រប់គ្រង»។ អ្នកស្រីបន្តថា៖ «សេវាកម្ម Visa B2B Connect នឹងផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់ធនាគារស្ថាបនាក្នុងការបោះជំហានចូលទៅកាន់សេដ្ឋកិច្ចពិភពលោកជាមួយនឹងការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាពខ្ពស់ និងការចំណាយទាបជាងមុន»។

សេវាកម្ម Visa B2B Connect ត្រូវបានដាក់ឲ្យដំណើរការសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ទាំងអាជីកម្មក្នុង និង ក្រៅប្រទេស។ ម្ចាស់ធុរកិច្ចនៅកម្ពុជា កំពុងតែរីករាយជាមួយនឹងការទូទាត់ដែលរលូន មានប្រសិទ្ធភាព ហើយយើងអាចព្យាករណ៍ពីគោលដៅពេញនិយមសម្រាប់ការទូទាត់ រួមមាន ប្រទេសថៃ សិង្ហបុរី ហុងកុង អឺរ៉ុប ចិន ជប៉ុន សហរដ្ឋអាមេរិក និងបង់ក្លាដែស។ Visa B2B Connect ផ្តល់នូវការតភ្ជាប់តែមួយគត់ទៅកាន់ពិភពលោក អនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីអ្នកទទួល។ កត្តានេះដកចេញនូវធនាគារអន្តរការី ដោយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗសម្រាប់ប្រតិបត្តិការនីមួយៗ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់របាយការណ៍អាជីវកម្មដែលអាចត្រួតពិនិត្យដោយផ្ទាល់ នូវតំលៃសេវា អត្រាប្តូរប្រាក់ និងពេលវេលាដែលប្រាក់បានទៅដល់អ្នកទទួល។

Visa B2B Connect បំពាក់នូវស្រទាប់សុវត្ថិភាពជាច្រើន ដោយប្រតិបត្តិការនីមួយៗត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។ លើសពីនេះ សម្រាប់ទិន្នន័យ និងព័ត៌មានលម្អិតរបស់ស្ថាប័ន ត្រូវបានការពារដោយបច្ចេកវិទ្យាបំប្លែងព័ត៌មានទៅជានិមិត្តសញ្ញា (tokenization technology) របស់ Visa ដែលអាចការពារម្ចាស់អាជីវកម្មបាន ក្នុងករណីមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនេះ សូមអញ្ជើញទៅកាន់សាខារបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទទៅផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០២៣ ៩៩៩ ០១០ ឬ ០៨១ ៩៩៩ ០១០។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និង សេវាកម្មរបស់ធនាគារ ស្ថាបនា សូមចូលទៅកាន់គេហទំព័រ www.sathapana.com.kh

 

 

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២.៤៤ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៥០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជនរបស់យើង។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។

អំពីក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕