ក្រុមហ៊ុន Visa គាំទ្រ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការជំរុញឲ្យមានភាពល្អប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និងជួយពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី

08/24/2022

 

­ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ ឌីជីថល​ឈានមុខគេ បានសហការក្នុងភាពជាដៃគូ ជាមួយធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារី ក្នុងការរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងថ្មីមួយ ដែលផ្តោតសំខាន់ទៅលើការកែលម្អលទ្ធភាពប្រើប្រាស់ ហិរញ្ញវត្ថុ ពិសេសជំនាញជាក់ស្តែង ទាក់ទងផ្នែកហិរញ្ញវត្ថុឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់និស្សិតស្រី និងស្រ្តី ដែលរស់នៅតាមតំបន់ដាច់ស្រយាល នៅទូទាំងប្រទេសកម្ពុជា។

គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដែលជាកិច្ចសហការរួមរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី គាំទ្រដោយក្រុមហ៊ុន Visa នឹងបន្តជំរុញទៅមុខទៀតនូវភាពជាដៃគូដែលមានរយៈពេលពីរឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ឲ្យកាន់តែប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និង បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ដែលនឹងត្រូវដាក់ឲ្យដំណើរការក្នុងខេត្តគោលដៅចំនួន ៤ រួមមាន៖ ខេត្តសៀមរាប ព្រះវិហារ ក្រចេះ និង ស្ទឹងត្រែង។

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖​ “ក្រុមហ៊ុន Visa ​មានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅកម្ពុជា។ ស្ត្រីមានតួនាទីសំខាន់ណាស់ក្នុងការជំរុញបំលាស់ប្តូរទៅកាន់យុគសម័យឌីជីថល និងគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ យើងមានមោទនភាព ក្នុងការបន្តការគាំទ្ររបស់យើង ដល់ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី សម្រាប់ដំណើរការនៃបេសកកម្មមួយនេះ ដែលនឹងបន្តលើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ន និងអនាគតរួមគ្នាមួយដែលប្រកបដោយភាពរីកចម្រើន ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជាកំពុងធ្វើយុទ្ធនាការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ រួមទាំងជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល ក្នុងចំណោមស្ត្រីវ័យក្មេង និងសហគ្រិនស្ត្រី តាមរយៈគោលនយោបាយ និងយុទ្ធនាការដោយសហការជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងក្នុងស្រុក និងអន្តរជាតិ។ នេះគឺជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចឌីជីថលសម្រាប់ប្រជាជននៅគ្រប់ស្រទាប់វណ្ណៈ” ។

ឯកឧត្ដម ថេ ឈុនហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​ក្រសួង​កិច្ចការនារី​ បានមានប្រសាសន៍ថា៖ “យើងត្រូវការបន្តធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីចក្ខុវស័យរបស់កម្ពុជាប្រកបដោយចីរភាព  ប្រកបដោយសមភាព ដែលមិនទុកនរណាម្នាក់ឱ្យនៅឯកោ។ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាវិធីសាស្រ្តនៃបរិយាបន្ន ដើម្បីបំលាស់ប្តូរក្នុងការធានាថាគ្រប់គ្នាទទួលបាននូវសមភាពនៅក្នុងវិស័យហិរញ្ញវត្ថុ ។ មិនថាអ្នក នឹងក្លាយជាអ្នកធ្វើការឱ្យគេ (និយោជិត) ឬ ត្រូវប្រកបមុខរបរដោយខ្លួនឯង (អាជីវករ) នោះទេ ប៉ុន្តែចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងផ្តល់ឱ្យអ្នកនូវទំនុកចិត្ត និងសមត្ថភាព ក្នុងការចូលរួមឱ្យកាន់តែសកម្មនៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។ ការផ្តល់ចំណេះដឹង និងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី គឺជាជាអាទិភាពមួយ នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងកិច្ចការនារី នៅក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី និងសហគ្រិនស្រ្តី។

ដើម្បីសម្រេចឲ្យបាននូវលទ្ធផលកាន់តែប្រសើរ គម្រោងនេះ នឹងចាប់ផ្តើមដំណើរការការគាំទ្រទៅមុខទៀត តាម    រយៈការដាក់បន្តនូវសកម្មភាពបន្ថែមទៅលើកម្មវិធីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយភ្ជាប់ជាមួយនឹងលទ្ធផលដែលបានអនុវត្តពីមុនមក។ កម្មវិធីនេះនឹងបន្តផ្សាភ្ជាប់ជាមួយសាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីតាមបណ្ដាខេត្តគោលដៅ ក៏ដូចជាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើតកិច្ចពិភាក្សាផ្នែកគោលនយោបាយ ស្តីពីការលើកកម្ពស់ និងការផ្ដល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ។ កម្មវិធីនេះនឹងកំណត់ពីតម្រូវការ និងផលប្រយោជន៍របស់និស្សិតជាស្រ្តី និងស្ត្រីនៅតាមជនបទ តាមរយៈវគ្គបណ្តុះបណ្តាលការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល។

ម្យ៉ាងទៀត តាមរយៈការសហការគ្នារវាងក្រុមភាគីពាក់ព័ន្ធចម្រុះនេះ ព្រឹត្តិការណ៍ឌីជីថល និងវិធានការផ្ទាល់នឹងត្រូវបានអនុវត្តលើការសិក្សា ការចូលរួមឌីជីថល និងការអនុវត្តចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលជាមូលដ្ឋាន។ព្រឹត្តិការណ៍ទាំងនេះនឹងបង្ហាញពីជំនាញជាក់ស្តែងសម្រាប់ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពហិរញ្ញវត្ថុ ដោយពង្រឹងតួនាទីរបស់ស្ត្រី ក្នុងការចូលរួម និងជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា និងសង្គមដ៏ទូលំ ទូលាយ។

គម្រោងនេះ នឹងមានរៀបចំជាសិក្ខាសាលា និង វគ្គបណ្តុះបណ្តាល ដោយមានការគាំទ្រពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី។​ ដើម្បីទទួលបានលទ្ធផលអតិបរមា កម្មវិធីសិក្សា និងសម្ភារៈឧបទេស នឹងត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សិក្ខាកាមគោលដៅ។

អ្នកស្រី អ៊ីវ៉ាណា បន្ថែមទៀតថា៖ “ក្រុមហ៊ុន Visa ប្តេជ្ញាកសាងផ្នែកហិរញ្ញវត្ថុ និងសង្គមប្រកបដោយបរិយាបន្ន ក្នុងប្រទេសកម្ពុជា និងពិភពលោក។ ក្នុងនោះ ជំនាញឌីជីថល និង ហិរញ្ញវត្ថុ មិនត្រឹមតែសំខាន់សម្រាប់មុខជំនួញប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងបំផុសឯករាជ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ សុខុមាលភាពគ្រួសារ និងបុគ្គលភាពរបស់ពួកគេផងដែរ។ ​ក្រុមហ៊ុន Visa កំពុងបង្កើតបណ្តាញមួយដែលអនុញ្ញាតឲ្យយើងគ្រប់គ្នាអាចរីកចម្រើនជាមួយគ្នា ហើយការគាំទ្រគម្រោងរបស់ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី គឺជាជំហានដ៏សំខាន់ក្នុងការបោះជំហានទៅមុខ ក្នុងការសម្រេចឲ្យបានកិច្ចការទាំងនេះ”។

 

 

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា៖

www.nbc.org.kh, www.facebook.com/nationalbankofcambodiaofficial, www.twitter.com/nbccambodia, www.instagram.com/nationalbankofcambodia, www.linkedin.com/company/national-bank-of-cambodiawww.youtube.com/channel/UC3GoCm_QGSSLjXZXvbcATfA

 

អំពីក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕