Visa អញ្ជើញម្ចាស់អាជីវកម្មឆ្នើម និងដែលទើបបង្កើតថ្មី (top Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមក្នុងការកសាងអនាគតរបស់ឧស្សាហកម្មការទូទាត់

12/15/2022

 

 

Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បានប្រកាសអំពាវនាវដល់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យចូលរួមក្នុង “កម្មវិធី   ពន្លឿនអាជីវកម្មរបស់ Visa - Visa Accelerator Program  សម្រាប់ឆ្នាំ ២០២៣។ នេះជាឆ្នាំទី៣ ដែលកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa បានជ្រើសរើសធុរកិច្ចបង្កើតថ្មី (Startups) មួយក្រុមតូចដើម្បីសហការដោះស្រាយលើផលលំបាកដែលមានការប្រឈមមួយចំនួននៅក្នុងឧស្សាហកម្មទូទាត់។ កម្មវិធីសម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងផ្តោតលើការអភិវឌ្ឍន៍ដំណោះស្រាយសម្រាប់អាជីវកម្ម បែប         គេហទំព័រ ជំនាន់ទី៣.០ (Web 3.0) ចរន្តទូទាត់ប្រាក់សកល សេវាកម្មហិរញ្ញវត្ថុបង្កប់ (embedded finance) រវាង​អាជីវករ និងអាជីវកម្មខ្នាតតូច ព្រមទាំងដំណោះស្រាយលើប្រព័ន្ធសេវាកម្មធនាគារបើកចំហ (open banking )។

ចាប់តាំងពី ក្រុមហ៊ុន Visa ដាក់ឲ្យដំណើរការកម្មវិធីពន្លឿនអាជីវកម្មរបស់ខ្លួន នៅឆ្នាំ ២០១៩ មក កម្មវិធីនេះបានជួយដល់ការអភិវឌ្ឍធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ឲ្យមានភាពលេចធ្លោឡើង។ ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មីចំនួន៥ក្រុម ដែលបានជ្រើសរើសនៅក្នុងឆ្នាំ ២០២២ បានចែករំលែកគំនិតរបស់ពួកគេរួមជាមួយអំណះអំណាង នៅក្នុងព្រឹត្តិការណ៍ Visa Accelerator Spotlight បន្ទាប់ពីធ្វើការជាមួយ Visa និងក្រុមអភិវឌ្ឍន៍អាជីវកម្ម ក្នុងការបម្លែងគំនិតរបស់ខ្លួនឲ្យក្លាយទៅជាអាជីវកម្ម និងពង្រីកចូលទៅក្នុងទីផ្សារថ្មីនៅទូទាំងតំបន់។

ធុរកិច្ចបង្កើតថ្មីចំនួន ២ក្រុម ដែលបានជ្រើសរើសនៅក្នុងឆ្នាំ ២០២១ និង ឆ្នាំ ២០២២​ ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៩ជាមួយអតិថិជន និងដៃគូពាណិជ្ជកម្មរបស់ Visa នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លើសពីនេះ ក្រុមហ៊ុន Visa ក៏បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ ជាមួយនឹងធុរកិច្ចបង្កើតថ្មីលើពាណិជ្ជកម្មចំនួន ៦ផងដែរ ដោយផ្តោតលើតម្លៃនៃការចាប់ផ្តើមធុរកិច្ចបង្កើតថ្មីអាចនាំឲ្យវិស័យឧស្សាហកម្មទូទាត់កាន់តែធំជាងមុន។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “វាពិតជាគួរឱ្យរំភើបខ្លាំងណាស់ដែលយើងឃើញថា ផលិតផលដ៏អស្ចារ្យសហការបង្កើតឡើងដោយធុរកិច្ចបង្កើតថ្មីពីក្រុមមុនៗ បានក្លាយជាដៃគូដ៏មានតម្លៃរបស់យើង។ សម្រាប់ការជ្រើសរើសក្រុមទី៣នេះ យើងមានការរំពឹងទុកខ្ពស់ ដោយសារតែយើងចង់បន្តនាំយកនូវធុរកិច្ចបង្កើតថ្មីដ៏ល្អបំផុតនៅទូទាំងតំបន់ ដាក់ចូលទៅក្នុងបណ្តាញទូទាត់របស់ក្រុមហ៊ុន Visa ។ យើងទន្ទឹងរង់ចាំទទួលការដាក់ពាក្យស្នើសុំពីម្ចាស់អាជីវកម្មបង្កើតថ្មីគ្រប់ទិសទីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មប្រចាំឆ្នាំ២០២៣នេះ”។

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងកំពុងសម្លឹងរកអ្នកមានទេពកោសល្យ មានគំនិត​ និងប៉ិនប្រសប់រកដំណោះស្រាយ  ដែលអាចចូលរួមក្នុងការកសាងអនាគតវិស័យទូទាត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងបណ្តាញដ៏ធំ យើងមានតួនាទីពិសេសក្នុងការគាំទ្រដល់ក្រុមធុរកិច្ចបង្កើតថ្មីទាំងនោះ និងជួយ   ជម្រុញដល់ពួកគេក្នុងការអភិវឌ្ឍ និងផ្លាស់ប្តូរបទពិសោធន៍អតិថិជន”។

ដើម្បីបោះជំហានចូលក្នុងសហគមន៍ធុរកិច្ចបង្កើតថ្មីដែលល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយ Plug & Play ដែលជាវេទិកាច្នៃប្រឌិតសកលដ៏ជោគជ័យបំផុតមួយរបស់ពិភពលោក។ Plug & Play នឹងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីអាចចូលប្រើ និងរៀបចំអភិវឌ្ឍធុរកិច្ចបង្កើតថ្មី ផ្តោតលើ fintech ដែលកំពុងរីកចម្រើន សម្រាប់កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ប្រចាំឆ្នាំ ២០២៣ ។ Plug & Play នឹងនាំយកនូវជំនាញរបស់ពួកគេក្នុងនាមជាអ្នកវិនិយោគដែលទទួលបានជោគជ័យបំផុត ព្រមទាំងបទពិសោធន៍របស់ខ្លួនក្នុងការធ្វើការជាមួយកម្មវិធីពន្លឿនសាជីវកម្មសំខាន់ៗផ្សេងទៀត ដើម្បីទាក់ទាញ កំណត់អត្តសញ្ញាណ និងពន្លឿនធុរកិច្ចបង្កើតថ្មី ដែលមានបំណងចង់ដោះស្រាយបញ្ហាប្រឈមក្នុងឧស្សាហកម្ម និងពង្រីកបច្ចេកវិទ្យាថ្មីៗ។

លោក Jupe Tan អ្នកគ្រប់គ្រងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Plug & Play ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការលើកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ។ គោលដៅរបស់យើង គឺដើម្បីផ្តល់នូវការវាយតម្លៃ និងអង្កេតឲ្យបានវែងឆ្ងាយទៅលើធុរកិច្ចបង្កើតថ្មី ប្រភេទ fintech ប្រកបដោយភាពច្នៃប្រឌិតបំផុត ដែលវានឹងអាចជួយក្នុងការកសាងអនាគតនៃសេវាកម្មឧស្សាហកម្មហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាអនុញ្ញាតឱ្យមានការចូលរួមវិភាគលើអំណះអំណាងនៃគំនិតនឹងកំណត់ថាតើគំនិតណាមួយអាចនឹងធ្វើការកែប្រែឲ្យក្លាយទៅជាផលិតផលជោគជ័យ រវាងធុរកិច្ចបង្កើតថ្មីដែលជាប់ក្នុងវគ្គចុងក្រោយ និងក្រុមហ៊ុន Visa”។

លោក Clark បានបន្ថែមទៀតថា៖ “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Plug & Play នឹងតភ្ជាប់ Visa ជាមួយ fintechs ដែលមានគំនិតដូចគ្នា ដើម្បីរួមគ្នាចែករំលែកគោលដៅរួមរបស់យើងក្នុងការបង្កើតបទពិសោធន៍ពាណិជ្ជកម្មឌីជីថលថ្មី។ ចាប់ផ្តើមពីការស្វែងរកសក្តានុពលនៃការអភិវឌ្ឍន៍ថ្មីៗក្នុងការរកដំណោះស្រាយសម្រាប់អាជីវកម្ម គេហទំព័រជំនាន់ទី ៣ (Web 3.0) សេវាកម្មហិរញ្ញវត្ថុបង្កប់ (embedded finance) ដើម្បីធ្វើឱ្យវាកាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់អាជីវកម្មក្នុងការបំលាស់ទីសាច់ប្រាក់ជុំវិញពិភពលោក ហើយនឹងផ្តល់ឱកាសជាច្រើនសម្រាប់ធុរកិច្ចបង្កើតថ្មី ចូលរួមធ្វើការជាមួយក្រុមហ៊ុន Visa និងបណ្តាញធនាគារ និងដៃគូពាណិជ្ជកររបស់យើង”។

ការចូលរួមជាមួយកម្មវិធី

កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ” សម្រាប់ឆ្នាំ ២០២៣ កំពុងបើកទទួលពាក្យ ហើយនឹងត្រូវបិទនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣។ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa នេះគឺសមស្របសម្រាប់ប្រភេទធុរកិច្ច​បង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានសុពលភាព និងដំណោះស្រាយដែលបានអះអាង។ កម្មវិធីដែលមានរយៈពេលប្រាំមួយខែ នឹងអនុញ្ញាតឱ្យម្ចាស់ធុរកិច្ចបង្កើតថ្មី ដែលត្រូវបានជ្រើសរើស អាចធ្វើការរួមគ្នាជាមួយអ្នកជំនាញផ្នែកទូទាត់ប្រាក់ ស្ថាបត្យករផលិតផល និងក្រុមអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Visa ដើម្បីបង្កើតដំណោះស្រាយរួមគ្នា ធ្វើការសាកល្បង និងអនុវត្តម្តងហើយម្តងទៀត អំឡុងពេលបន្តស្វែងរកឱកាសចូលទៅទីផ្សារជាក់ស្តែង ជាមួយនឹងបណ្តាញហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ Visa ស្ថាប័នហិរញ្ញវត្ថុ ពាណិជ្ជករ និងដៃគូឌីជីថល។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖ https://www.visa.com.sg/apaccelerator

 

 

អំពីក្រុមហ៊ុន Visa Inc.

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

 

អំពី Plug & Play

ចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០០៦ កម្មវិធីរបស់យើងបានពង្រីកទូទាំងពិភពលោក រួមទាំងការមានវត្តមាននៅក្នុងទីតាំងជាង ៤០ នៅទូទាំងសកល ផ្តល់ជូនធុរកិច្ចបង្កើតថ្មីនូវធនធានចាំបាច់ដើម្បីទទួលបានជោគជ័យនៅក្នុង Silicon Valley និងមានអ្វីច្រើនយ៉ាងបន្ថែមទៀត។ ជាមួយនឹងធុរកិច្ចបង្កើតថ្មី មានចំនួនច្រើនជាង ៦៤,០០០ និង ដៃគូសាជីវកម្មផ្លូវការចំនួន ៥០០ យើងបានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីចុងក្រោយសម្រាប់ធុរកិច្ចបង្កើតថ្មីនៅក្នុងឧស្សាហកម្មជាច្រើន។
យើងធ្វើការវិនិយោគជាមួយនឹង VCs Silicon Valley ដែលឈានមុខគេចំនួន ២០០ និងរៀបចំព្រឹត្តិការណ៍កសាងបណ្តាញច្រើនជាង ១,០០០ដង ក្នុងមួយឆ្នាំ។ ក្រុមហ៊ុននៅក្នុងសហគមន៍របស់យើង រៃអង្គាសថវិកាបានជាង 9 ពាន់លានដុល្លារ តាមរយៈផលប័ត្រដែលទទួលបានជោគជ័យ រួមមាន Danger, Dropbox, Lending Club និង PayPal ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ៖ www.plugandplayapac.com