ក្រុមហ៊ុន Visa បង្កើតនូវកម្មវិធីថ្មីដើម្បីការពារអ្នកប្រើប្រាស់ និងផ្តល់សិទ្ធអំណាចដល់ម្ចាស់អាជីវកម្មខ្នាតតូចដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ

11/10/2023

ក្រុមហ៊ុន Visa បានធ្វើការផ្លាស់ប្តូរថ្មី លើកំណែទម្រង់ច្បាប់ និងដំណើរការវិវាទរបស់ខ្លួន ដោយផ្តល់ឱ្យម្ចាស់អាជីវកម្មខ្នាតតូចនូវយន្តការបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ ដែលអាចនឹងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច បានរហូតដល់ជាង មួយពាន់លានដុល្លារ នៅទូទាំងសកលលោក ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

 

នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បានយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មនៃកម្មវិធីវិវាទរបស់ខ្លួន ដែលត្រូវបានសម្រួលមុខងារឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ប្រយុទ្ធប្រឆាំងនឹងការសងប្រាក់ត្រលប់ ក្នុងករណីដែលបុគ្គលណាម្នាក់មានចេតនាផ្តល់ព័ត៌មានមិនពិត ឬ បង្ហាញអត្តសញ្ញាណរបស់ខ្លួនខុសពីការពិត ក្នុងគោលបំណងទទួលបានផលចំណេញដោយខុសច្បាប់ តាមរយៈសកម្មភាពទិញទំនិញ និងការសងត្រលប់ ​ ដែលវាត្រូវបានគេស្គាល់ថាជាការក្លែងបន្លំលាក់បំពួន ឬការក្លែងបន្លំដោយភាគីទីមួយ សម្រាប់ប្រតិបត្តិការទូទាត់តាមកាតដែលធ្វើឡើងពីចម្ងាយ។ ការកែប្រែនេះ អាចជួយសង្គ្រោះការខាតបង់របស់អាជីវកម្មខ្នាតតូចជាសកល បានជាងមួយពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដែលវានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីរបស់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មទាំងមូល។

អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមហ៊ុន Visa គឺយើងបានប្តេជ្ញាចិត្តគាំពារដំណើរការពាណិជ្ជកម្មប្រកបដោយទំនុកចិត្តខ្ពស់ ដែលអាចការពារបានទាំងអ្នកប្រើប្រាស់ និង អាជីវក។ ការកើនឡើងនូវការក្លែងបន្លំពីភាគីទីមួយ ទាមទារឱ្យមានការផ្លាស់ប្តូរកម្មវិធីវិវាទរបស់យើងដល់កម្រិតកំណត់មួយ ដើម្បីផ្តល់សិទ្ធិអំណាចដល់ម្ចាស់អាជីវកម្មខ្នាតតូច ជាមួយនឹងយន្តការដែលពួកគេត្រូវការ ដើម្បីធានាបាននូវការទូទាត់ដោយស្របច្បាប់”។ អ្នកស្រីបន្តទៀតថា៖​ “ការតាំងចិត្តក៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនេះ ក៏រួមបញ្ចូលទាំងការពង្រឹងចំណេះដឹងជូនដល់អតិថិជនតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពីហានិភ័យពីការគំរាមកំហែងសុវត្ថិភាពផងដែរ។ តាមរយៈគំនិតផ្តួចផ្តើមដោយក្រុមហ៊ុន Visa យើងបានដាក់ឲ្យដំណើរការសារជាថ្មីម្តងទៀតនូវ វេទិកាហានិភ័យឧស្សាហកម្មកម្ពុជា ដោយប្រមូលផ្តុំនូវក្រុមការងារដែលមានជំនាញខាងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំលើការទូទាត់ និងប្រតិបត្តិការ នៅទូទាំងប្រព័ន្ធអេកូសាស្ត្ររបស់ក្រុមហ៊ុន Visa ដើម្បីចែករំលែកនូវវិធីសាស្ត្រនៃការអនុវត្តដែលល្អបំផុត និងភាពឆ្លាតវៃក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ។ ក្រុមហ៊ុន Visa នៅតែបន្តជំហរជ្រោមជ្រែងការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំ ដូចដែលបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការធានាចំពោះម្ចាស់ប័ណ្ណដោយមិនចាំបាច់ត្រូវរ៉ាប់រងលើប្រភេទប្រតិបត្តិការដែលគ្មានការអនុញ្ញាត។
ការផ្លាស់ប្តូរច្បាប់នេះ ផ្តល់ឱ្យអាជីវករនូវវិធីសាស្រ្តជាច្រើនបន្ថែមទៀត ដើម្បីលើកបង្ហាញតតាំងចំពោះការចោទប្រកាន់ក្នុងវិវាទ​ ដែលត្រូវបានអនុញ្ញាតត្រឹមត្រូវ និងមានសុពលភាព ជួយការពារម្ចាស់អាជីវកម្មឲ្យរក្សាបាននូវទឹកប្រាក់ដែលជារបស់ពួកគេផ្ទាល់ ព្រមទាំងការពារអ្នកប្រើប្រាស់កាតស្របច្បាប់ផងដែរ។

អ្នកស្រី Ivana Tranchini  បានមានប្រសាសន៍បន្ថែមទៀតថា៖ “រចនាសម្ពន្ធ័នៃប្រព័ន្ធវិវាទដ៏រឹងមាំ ភាពយុត្តិធម៌ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារវាគឺជាហេតុផលដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្ត និងបង្កើនប្រសិទ្ធភាពសម្រាប់វិស័យទូទាត់តាមរយៈប្រព័ន្ធឌីជីថល និង  វិស័យពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងតែរីកចម្រើនរបស់កម្ពុជា”។ អ្នកស្រីបន្តទៀតថា៖ “អាជីវកម្មខ្នាតតូច អាចនឹងត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការក្លែងបន្លំពីភាគីទីមួយ។ ប្រសិនបើសហគ្រាសខ្នាតតូច និងមធ្យម ចាញ់បណ្តឹងសម្រាប់ការចោទប្រកាន់ស្របច្បាប់នោះគឺវាអាចមានភាពខុសគ្នានៅក្នុងការរៀបចំបញ្ជីបង់ប្រាក់ឬមិនបង់។ កំនែ​លម្អកម្មវិធីវិវាទ​របស់​យើងនឹង​ធានាបាន​ថា ម្ចាស់​អាជីវកម្មក្នុងប្រទេស​កម្ពុជា​ នឹងទទួលបាននូវយុត្តិធម៌ សម្រាប់​ការ​ចោទ​ប្រកាន់​ក្នុងវិវាទផ្សេងៗ”។

លោក Torsten Kleine Büning ប្រធានគណៈកម្មាធិការ​ហា​និ​ភ័យ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និងជានាយកហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ ធនាគារ ABA បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចមានអាត្រាហានិភ័យខ្ពស់លើការខាតបង់ និងរងការខូចខាតទាក់ទងនឹងការក្លែងបន្លំ ដោយសារពួកគេមិនមានធនធានដូចក្រុមហ៊ុនធំៗ”។ កាលពីពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា ក៏បានចេញសេចក្តី​ជូនដំណឹង​ដល់សារធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការក្លែងបន្លំតាមរយៈកម្មវិធីទិញទំនិញតាមអ៊ិនធើណេតផងដែរ។ លោក Torsten Kleine Büning បានមានប្រសាសន៍បន្ថែមទៀតថា៖ “ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរបស់ភាគីទីមួយ ទាមទារភាពជាដៃគូប្រកបដោយប្រសិទ្ធភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ យើងនៅតែមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគ្រប់ប្រភេទនៅក្នុងវិស័យធនាគារ និងវិស័យផាត់ទាត់ ហើយក៏សូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការកាត់បន្ថយការគំរាមកំហែងប្រភេទនេះចំពោះម្ចាស់អាជីវកម្ម”៕

 

 

អំពីក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕