ក្រុមហ៊ុន Visa បានចេញរបាយការណ៍ថ្មី ក្រើនរំលឹកដល់អ្នកប្រើប្រាស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលទិញទំនិញសម្រាប់ថ្ងៃឈប់សម្រាក

12/18/2023

នៅក្នុងរបាយការណ៍ស្តីពីការគំរាមកំហែងក្នុងរដូវវិស្សមកាល ក្រុមហ៊ុន Visa បានព្រមានពីសកម្មភាពរបស់ឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលនឹងប្រើប្រាស់គ្រោងការណ៍កម្រិតខ្ពស់ដើម្បីទាញយកព័ត៌មានរបស់អ្នកប្រើប្រាស់ក្នុងអំឡុងរដូវកាលវិស្សមកាល នឹងបានចែករំលែកនូវគន្លឹះមួយចំនួនសម្រាប់ការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព។

 

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយពីរបាយការណ៍ស្តីពីការគំរាមកំហែងក្នុងរដូវកាលវិស្សមកាលរបស់ខ្លួន ដោយព្យាករណ៍ពីការកើនឡើងនូវសកម្មភាពក្លែងបន្លំ ដែលផ្តោតលើប្រតិបត្តិការនៃការប្រើប្រាស់កាតដោយផ្ទាល់ card-present (CP)  និងតាមអ៊ីនធើណេត card-not-present (CNP) ។ របាយការណ៍ថ្មីនេះ បានព្យាករណ៍ពីរលកនៃការក្លែងបន្លំដែលផ្តោតលើអ្នកប្រើប្រាស់កាត ក្នុងការទិញទំនិញតាមអ៊ិនធើណេត និងទិញទំនិញដោយផ្ទាល់ ចន្លោះពី ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដល់ ខែ មករា ឆ្នាំ ២០២៤ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃការបញ្ជាទិញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) និងការចំណាយដោយផ្ទាល់នៅតាមបណ្តាហាងលក់រាយ និងបដិសណ្ឋារកិច្ច។ នៅថ្ងៃនេះ ក្រុមហ៊ុនVisa ក៏នឹងបង្ហាញពីទម្លាប់ទាំង១០ ដែលអ្នកប្រើប្រាស់អាចអនុវត្តតាម ដើម្បីធ្វើការបញ្ជាទិញដោយគ្មានការបារម្ភ និងមានសុវត្ថិភាពខ្ពស់។

តាមរយៈការវិភាគទិន្នន័យ និងប្រតិបត្តិការកន្លងមក បានបង្ហាញពីការឆ្លៀតឱកាសរបស់ឧក្រិដ្ឋជន ដែលបានកំណត់គោលដៅសម្រាប់វាយលុកលើអ្នកប្រើប្រាស់ក្នុងរដូវវិស្សមកាល។ ទិន្នន័យរបស់ ក្រុមហ៊ុន Visa បានបង្ហាញថា អត្រាក្លែងបន្លំសម្រាប់ប្រភេទពាណិជ្ជកម្ម1 ដែលងាយរងគ្រោះបំផុត បានកើនឡើងយ៉ាងខ្លាំងអំឡុងពេលវិស្សមកាលឆ្នាំ ២០២២ ដោយមានការកើនឡើងលើសពីមធ្យមភាគនៃថ្ងៃធម្មតា ១១ភាគរយ នឹង កើនឡើង ៨ ភាគរយ ខ្ពស់ជាងរដូវកាលវិស្សមកាលឆ្នាំមុន។ តាមរយៈរបាយការណ៍ដដែលក៏បានក្រើនរំលឹកដល់អ្នកប្រាស់ ពីគោលដៅរបស់ឧក្រិដ្ឋជន ដោយពួកគេសំដៅលើអ្នកប្រើប្រាស់ទាំងឡាយណាដែលមានចំណាប់អារម្មណ៍ស្វែងរកអំណោយ និងការផ្តល់ជូនពិសេសៗសម្រាប់រដូវកាលវិស្សមកាល។ ចំណុចសំខាន់ៗនៅក្នុងរបាយការណ៍រួមមាន៖ 

  • ការក្លែងបន្លំតាមរយៈឌីជីថល (Digital Skimming)៖ ការកើនឡើងនៃការទិញទំនិញតាមអ៊ីនធើណេត បានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ជនបោកប្រាស់ក្នុងការលួចយកទិន្នន័យគណនី និងរកប្រាក់ពីពាណិជ្ជករលក់ដូរតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce)។

  • ការឆបោកដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម៖ ជាមួយនឹងការកើនឡើងនៃបញ្ញាសិប្បនិម្មិត (AI) ប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្តល់លទ្ធភាពឲ្យឧក្រិដ្ឋជនកាន់តែមានភាពងាយស្រួលក្នុងការបង្កើតការឆបោកដែលកាន់តែទំនើប ដែលអ្នកប្រើប្រាស់ពិបាកក្នុងការបែងចែក។ លើសពីនេះ ពួកគេបានប្រើប្រាស់ល្បិចបោកបញ្ឆោត តាមរយៈការតម្លើងគេហរទំព័រ ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មមិនប្រក្រតី និងតម្លើងកម្មវិធីរុករក (SEO) ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលទៅកាន់គេហទំព័រលក់រាយ ឬសេវាកម្មក្លែងក្លាយរបស់ពួកគេ។

  • ការក្លែងបន្លំតាមរយៈម៉ាស៊ីន ATM និង ម៉ាស៊ីនឆូតកាត៖ គួរមានការប្រុងប្រយ័ត្នអំឡុងពេលប្រើប្រាស់ម៉ាស៊ីន ATM ឬនៅពេលដែលអ្នកស្ថិតនៅក្នុងហ្វូងមនុស្សដែលមានការកើនឡើង ខណៈដែលអ្នករង់ចាំទិញទំនិញនៅតាមបណ្តារហាងនានា ពីព្រោះឧក្រិដ្ឋជនអាចដាក់គោលដៅរបស់ពួកគេនៅតាមស្ថានីយទាំងនោះ។ 

  • ការក្លែងបន្លំលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP Bypass )៖ ក្រុមហ៊ុន Visa បានកំណត់ អត្តសញ្ញាណ តាមរយៈការ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវលេខសម្ងាត់ ដែលជាលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ដើម្បីទទួលបានសិទ្ធិចូលប្រើគណនីរបស់ម្ចាស់កាត។ ការក្លែងបន្លំបែបនេះ ជាទូទៅឧក្រិដ្ឋជនបានផ្ញើលេខសម្ងាត់សម្រាប់ផ្ទៀងផ្ទាត់ (OTP) ទៅជនរងគ្រោះ ដែលមើលទៅហាក់បីដូចជាត្រូវបានតភ្ជាប់ជាមួយនឹងការទិញទំនិញដែលអ្នកប្រើប្រាស់ចង់បាន។
      
  • ចោរលួច៖ សូមរក្សាការប្រុងប្រយ័ត្ននៅទីកន្លែងដែលមានមនុស្សច្រើន ដូចជាតាមបណ្តាហាងលក់ទំនិញ និងផ្សាទំនើប ឬទីចំណតរថយន្តជាដើម ដោយឧក្រិដ្ឋជនអាចព្យាយាមឆក់ទូរស័ព្ទ ឬកាតបង់ប្រាក់ពីអ្នកដោយផ្ទាល់។


អ្នកស្រី Ivana Tranchini
នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នៅពេលដែលការប្រារព្ធពិធីចូលឆ្នាំថ្មីខិតចូលមកដល់ក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់កំពុងបង្កើនការចំណាយរបស់ពួកគេ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលត្រូវក្រើនរំលឹកពួកគាត់ឲ្យមានការប្រុងប្រយ័ត្ននឹងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ”។ អ្នកស្រីបន្តទៀតថា៖“កាលពីដើមឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាបានជំរុញសាធារណៈជនឱ្យទទួលយកការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីជាខែលសម្រាប់ការពារនឹងការក្លែងបន្លំ ហើយយើងសូមអបអរសាទរ និងគាំទ្រនូវវិធានការរបស់អាជ្ញាធរដើម្បីទប់ស្កាត់ការឆបោកទាំងនោះ។ សម្រាប់ក្រុមហ៊ុន Visa ការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងដំណោះស្រាយទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបាន គឺជាអាទិភាពចម្បងរបស់យើង។ យើងផ្តល់ការត្រួតពិនិត្យ រាល់ការគំរាមកំហែង ២៤/៧ និងផ្តល់នូវការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការដែលធ្វើឡើងតាមអ៊ីនធើណេត និងនៅតាមហាងលក់រាយ ហេតុដូច្នេះហើយ ម្ចាស់ Visa កាត នៅកម្ពុជាអាចធានាបានថា ការទូទាត់របស់ពួកគេត្រូវបានការពារដោយបណ្តាញសកលដែលមានសុវត្ថិភាពខ្ពស់បំផុត។


ទម្លាប់ទាំង ១០ ដើម្បីជួយដល់អតិថិជន អាចទិញទំនិញប្រកបដោយសុវត្ថិភាព

ដើម្បីរក្សាបាននូវសុវត្ថិភាព ក្រុមហ៊ុន Visa សូមណែនាំនូវ ទម្លាប់ទាំង១០ យ៉ាង ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ដែលមានគម្រោងទិញទំនិញក្នុងរដូវវិស្សមកាលនេះដើម្បីយកមកអនុវត្ត។ ខាងក្រោមគឺជាសម្រង់ចំណុចសំខាន់ៗដកស្រង់ចេញពីគន្លឹះទាំងនោះ៖

  • ពិនិត្យមើលសាឡើងវិញនូវកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់អ្នកលក់រាយ៖ ជ្រើសអ្នកលក់រាយដែលអ្នកធ្លាប់ជឿទុកចិត្ត នឹងស្គាល់ច្បាស់។ ប្រសិនបើអ្នកកំពុងពិចារណាទិញពីហាងដែលអ្នកមិនធ្លាប់ស្គាល់ សូមធ្វើការស្រាវជ្រាវមួយចំនួន ដើម្បីពិនិត្យមើលកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់ពួកគេមុននឹងដាក់បញ្ជាទិញ។

  • រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖ ត្រូវប្រាកដថាគេហទំព័រដែលអ្នកកំពុងប្រើប្រាស់ មានប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព។ នៅពេលដែលអ្នកទូទាត់លុយ អសយដ្ឋាននៃគេហទំព័រនោះ គួរតែចាប់ផ្តើមដោយ “https://”។ “s” នៅទីនេះគឺតំណាងឱ្យសុវត្ថិភាព នឹងមានន័យថាទិន្នន័យរបស់អ្នកកំពុងត្រូវបាន អ៊ិនគ្រីប និងផ្ញើតាមតំណភ្ជាប់ដែលមានសុវត្ថិភាព។

  • ជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ រាល់ពេលដែលអ្នកទិញទំនិញ៖ បណ្តាញ Wi-Fi សាធារណៈជារឿយៗមិនមានសុវត្ថិភាព ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់ពួកឧក្រិដ្ឋជនបច្ចេកវិទ្យាចូលលួចយកទិន្នន័យរបស់អ្នក។ គប្បីប្រើប្រាស់អ៊ីនធើណេតឯកជនដែលមានសុវត្ថិភាពជានិច្ច នៅរាល់ពេលដែលអ្នកធ្វើការបញ្ជាទិញ។

  • មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ជូនណាមួយ ដែលមើលទៅដូចជាអស្ចារ្យលើសពេក៖ ការផ្សាយពាណិជ្ជកម្មនៅលើ គេហទំព័រ និងតាមរយៈសារអ៊ីម៉ែលដែលអ្នកមិនបានស្នើសុំ ដែលបង្ហាញពីតម្លៃទាបខុសពីធម្មតាសម្រាប់ប្រភេទទំនិញដែលមានតម្លៃខ្ពស់។ អ្នកប្រើប្រាស់គួរមានប្រុងប្រយ័ត្ននឹងដាក់ការសង្ស័យចំពោះប្រភេទនៃការប្រូម៉ូសិនបែបនេះ។


សម្រាប់ក្រុមហ៊ុន Visa សុវត្ថិភាព និងទំនុកចិត្ត គឺជាអាទិភាពចម្បង។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគជាង ១0 ពាន់លានដុល្លារ លើបច្ចេកវិទ្យា រួមទាំងការកាត់បន្ថយការក្លែងបន្លំ និងបង្កើនសុវត្ថិភាពនៅក្នុងបណ្តាញ។ អ្នកឯកទេសជំនាញជាងមួយពាន់នាក់ ធ្វើការពេញ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដើម្បីការពារបណ្តាញរបស់ក្រុមហ៊ុន Visa ពីមេរោគ malware មិនឲ្យមានការវាយប្រហារពី zero-day attacks និងការគំរាមកំហែងពីការក្លែងបន្លំនានា។ ជាការពិត ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Visa បានជួយទប់ស្កាត់យ៉ាងសកម្មលើការក្លែងបន្លំ បានចំនួន ៣០ពាន់លានដុល្លារ ដោយការពារមនុស្សជាច្រើន ដែលមិនធ្លាប់ដឹងថាពួកគេជាជនរងគ្រោះដែលអាចប្រឈមហានិភ័យលើប្រតិបត្តិការក្លែងបន្លំ។ យើងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលនេះ ហើយគិតឲ្យបានច្បាស់លាស់និងម៉ត់ចត់អំពីកន្លែងដែលពួកគេកំពុងទិញទំនិញ នឹងបុគ្គលដែលពួកគេចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយ ដើម្បីរក្សាបាននូវសុវត្ថិភាព។

 


________________________________

1 ប្រភេទអាជីវកម្មដែលងាយរងគ្រោះ រួមមាន អាជីវកម្មខាងតុបតែងលម្អ និងផ្គត់ផ្គង់សម្ភារៈជួសជុលគេហដ្ឋាន ទូរគមនាគមន៍ ការជួញដូរពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀត ការថែទាំសុខភាព អាជីវកម្មលក់រថយន្ត ការកម្សាន្ត ការអប់រំ និងកិច្ចការរដ្ឋាភិបាល អាជីវកម្មទាក់ទងនឹងបដិសណ្ឋាកិច្ច ធានារ៉ាប់រង ក្រុមហ៊ុនអាកាសចរណ៍ និង ឱសថស្ថាន។ល។

 

###
 

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕