កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa សម្រាប់ ឆ្នាំ ២០២៤ រៀបចំឡើងដើម្បីបញ្ឆេះភាពច្នៃប្រឌិតថ្មីៗរបស់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

01/29/2024

 

ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានប្រកាសអំពាវនាវដល់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មីឲ្យចូលរួមក្នុង “កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa - Visa Accelerator Program” សម្រាប់ឆ្នាំ ២០២៤។ កម្មវិធីដែលមានរយៈពេល ៦ខែនេះ ក្រុមហ៊ុននឹងផ្តោតលើការស្វែងរក ការជំរុញ គាំទ្រ ក៏ដូចជាសហការរកដំណោះស្រាយលើផលលំបាករបស់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការផ្តល់ថ្នាលសម្រាប់បណ្តុះបណ្តាល ដើម្បីដោះសោរកនូវសក្តានុពល និងបង្កើនឱកាសពាណិជ្ជកម្ម។ តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុន Visa មានគោលបំណងបង្កើនការផ្សព្វផ្សាយឲ្យបានទៅដល់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី និងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មីដែលកំពុងខ្វះបទពិសោធន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចាប់តាំងពីក្រុមហ៊ុន Visa ដាក់ឲ្យដំណើរការកម្មវិធីពន្លឿនអាជីវកម្មរបស់ខ្លួន កម្មវិធីនេះបានជួយដល់ការអភិវឌ្ឍធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមួយចំនួនឲ្យមានភាពលេចធ្លោឡើង តាមរយៈការផ្តល់ឱ្យពួកគេនូវអ្នកផ្តល់អនុសាសន៍ណែនាំតាមរដូវកាល បច្ចេកវិទ្យាទំនើប និងលទ្ធភាពទទួលបានការវិនិយោគ។ ជាមួយនឹងការដឹកនាំដោយក្រុមហ៊ុន Visa ធុរកិច្ចបង្កើតថ្មីចំនួន២ក្រុម បានជ្រើសរើសនៅឆ្នាំ ២០២១ និង ២០២២ និងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយជោគជ័យជាមួយអតិថិជន និងដៃគូក្នុងតំបន់។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំ២០២១ និង ឆ្នាំ២០២២ ក្រុមហ៊ុន Visa ក៏បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ ជាមួយនឹងធុរកិច្ចបង្កើតថ្មីលើពាណិជ្ជកម្មមួយចំនួន ក្នុងនោះដែរអាជីវកម្មបង្កើតថ្មីនិមួយៗបានបង្ហាញអំពីភាពជោគជ័យតាមរយៈការនំាយកនូវភាពច្នៃប្រឌិតរបស់ខ្លួន ចូលរួមលើកស្ទួយវិស័យឧស្សាហកម្មទូទាត់កាន់តែធំជាងមុន ដែលនេះវាបានគូសបញ្ជាក់យ៉ាងប្រចក្សអំពីប្រសិទ្ធិភាពនៃកម្មវិធីមួយនេះ។ កាលពីដើមខែ ឧសភា ឆ្នាំ ២០២៣ ធុរកិច្ចបង្កើតថ្មីចំនួន ៧ក្រុមទៀត ក៏ត្រូវបានជ្រើសរើសសម្រាប់ឆ្នាំ ២០២៣ ផងដែរ។

កម្មវិធីនេះផ្តល់នូវឱកាសពិសេសមួយ ដែលអាចឱ្យម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មីអាចសហការបង្កើត សាកល្បង និងស្វែងរកដំណោះស្រាយម្តងទៀតជាមួយអ្នកជំនាញក្នុងវិស័យទូទាត់ និងក្រុមអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Visa។ នៅក្នុងឆ្នាំ ២០២៤ កម្មវិធី ផ្តោតលើ "ការកសាងអនាគតនៃពាណិជ្ជកម្មជាមួយក្រុមហ៊ុន Visa" នៅក្នុងរបៀបវារៈដ៏ទូលំទូលាយមួយ ដើម្បីបន្តស្វែងរកសក្តានុពលចំនួនប្រាំ ក្នុងនោះរួមមាន៖ បញ្ញាសិប្បនិមិត្ត/ ជំនាន់ AI, ហិរញ្ញវត្ថុបង្កប់, ចរន្តសាច់ប្រាក់សកល, ការទទួលយកឌីជីថលសម្រាប់ប្រភេទអាជីវកម្មខ្នាតម៉ាក្រូ ខ្នាតតូច និងមធ្យម និង អនាគតនៃភាពស្មោះត្រង់។

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ប្រជាជនកម្ពុជា ជាច្រើនមានជំនាញអាជីវកម្មដ៏អស្ចារ្យ ហើយនៅពេលដែលប្រទេសមានការអភិវឌ្ឍន៍ យើងបានឃើញពីស្មារតីសហគ្រិនកាន់តែរីកចម្រើន”។ អ្នកស្រីបន្តទៀតថា៖ "សម្រាប់ក្រុមហ៊ុន Visa យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវឱកាសសម្រាប់ប្រជាជនកម្ពុជាដែលមានភាពច្នៃប្រឌិត ដើម្បីអាចអភិវឌ្ឍនូវទេពកោសល្យរបស់ខ្លួន និងផ្តល់ដំណោះស្រាយការទូទាត់តាមរយៈឌីជីថលដល់អ្នកជំនាន់ក្រោយ។ គោលបំណងចំបងរបស់កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa គឺការស្វែងរកការដោះស្រាយចំពោះបញ្ហាប្រឈមក្នុងតថភាពជាក់ស្តែង និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងឧស្សាហកម្មទូទាត់ទាំងមូល។ ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មីទទួលបានឱកាសដើម្បីធ្វើការជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន Visa ផ្ទាល់ រហូតដល់ទៅប្រាំមួយខែ ក្នុងការបម្លែងគំនិតរបស់ខ្លួនឲ្យក្លាយទៅជាអាជីវកម្ម។ ខ្ញុំទន្ទឹងរង់ចាំមើលពីភាពច្នៃប្រឌិត និងភាពរហ័សរហួនដែលម្ចាស់ធុរកិច្ចថ្មីៗរបស់យើងបានជ្រើសរើស ដើម្បីយកមកពិភាក្សា។"

ប្រភេទធុរកិច្ចបង្កើតថ្មីដែលត្រូវបានជ្រើសរើស នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាច្រើនដូចជា៖

  • ដំណោះស្រាយ និងការធ្វើតេស្តរហ័ស ជាមួយនឹងការគាំទ្ររបស់ក្រុមហ៊ុន Visa ដើម្បីបង្កើតលទ្ធផលអតិបរមា និងការផ្តល់មូលនិធិដោយគ្មានការដោះដូររហូតដល់ ៥០,០០០ ដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតលើការអភិវឌ្ឍន៍នូវអំណះអំណាងនៃគំនិតអាជីវកម្ម Proof-of-Concept (POC) ប្រកបដោយប្រសិទ្ធភាព។
  • ការចូលប្រើប្រាស់ទិន្នន័យ & ភាពជាដៃគូ នៅក្នុងណ្តាញសកលរបស់ក្រុមហ៊ុន Visa និងឱកាសធ្វើពាណិជ្ជកម្មក្នុងភាពជាដៃគូ សមស្របក្រោយបញ្ចប់កម្មវិធី។
  • ទទួលការប្រឹក្សាផ្តាច់មុខពីអ្នកជំនាញរបស់ក្រុមហ៊ុន Visa ដែលជាអ្នកឧបត្ថម្ភ និងក្រុមការងារដែលចូលរួមវិភាគលើអំណះអំណាងនៃគំនិត (POC) ដើម្បីធ្វើឲ្យអ្វីៗដំណើរការទៅដោយរលូន នឹងកំណត់ការឈ្នះរបស់ធុរកិច្ចបង្កើតថ្មី ដើម្បីអនុញ្ញាតឲ្យចូលទៅប្រើប្រាស់បណ្តាញដ៏ល្បីរបស់ Plug & Play ដែលបង្ករការងាយស្រួលក្នុងប្រឹក្សារ និង តាមដានកំណើននៃការអភិវឌ្ឍរអាជីវកម្មរបស់អ្នកបានយ៉ាងឆាប់រហ័ស។
  • កំណត់មាត្រដ្ឋានអាជីវកម្មរបស់អ្នក ដោយធានាបានថាគំនិតផ្តួចផ្តើមទាំងនោះផ្តល់លទ្ធផលទាន់ពេលវេលា និងតាមគោលដៅដែលបានកំណត់រួច កិច្ចព្រមព្រៀងពាណិជ្ជកម្ម ការបង្កើតរួមគ្នា និងសូម្បីតែការទទួលបានជោគជ័យលើការទទួលបានមូលនិធិដ៏មានសក្តានុពលសម្រាប់អំណះអំណាងនៃគំនិត POCs នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនឹងក្លាយទៅជាធុរកិច្ចបង្កើតថ្មីដែលត្រូវបានគេទទួលស្គាល់ និងកោតសរសើរនៅក្នុងឆាកអន្តរជាតិ។

កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០២៤

កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa” បានត្រលប់មកសាជាថ្មីម្តងទៀតលើកទីបួនក្នុងឆ្នាំ ២០២៤។ ក្រុមហ៊ុន Visa សូមស្វាគមន៍ម្ចាស់អាជីវកម្ម មកកាន់ថ្នាលអភិវឌ្ឍសម្រាប់ប្រភេទធុរកិច្ចដែលទើបបង្កើតថ្មីជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកំណើនរយៈពេលវែងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រតិបត្តិការដែលមានស្រាប់នៅក្នុងតំបន់ និងដំណោះស្រាយសម្រាប់យកអនុវត្តក្នុងទីផ្សាររួមជាមួយនឹងអំណះអំណាងយ៉ាងជាក់ច្បាស់។

ការបើកទទួលពាក្យចូលរួមក្នុងកម្មវិធី ចាប់ផ្តើមពីថ្ងៃទី៨ ខែមករា ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៤ ដោយអ្នកដាក់ពាក្យដែលត្រូវបានជ្រើសរើស នឹងត្រូវបានជូនដំណឹងនៅក្នុងខែមេសា ឆ្នាំ ២០២៤។ ការអភិវឌ្ឍន៍នូវអំណះអំណាងសម្រាប់គំនិត POC នឹងត្រូវដាក់ឲ្យអនុវត្តពីខែឧសភាដល់ខែតុលាក្នុងឆ្នាំនេះផងដែរ ជាមួយនឹងថ្ងៃសាកល្បងចុងក្រោយ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ គំនិតផ្តួច ផ្តើមដ៏ទូលំទូលាយនេះ គឺសំដៅឆ្ពោះទៅរកការជំរុញឲ្យមានការបង្កើតថ្មី កិច្ចសហការ និងការរីកចម្រើនសម្រាប់ធុរកិច្ចបង្កើតថ្មីនៅក្នុងវិស័យទូទាត់ឌីជីថល។

សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖ https://www.visa.com.sg/apaccelerator

 

###
 

អំពីក្រុមហ៊ុន Visa Inc.
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com